ឥណ្ឌូណេស៊ី ចេញ «ទិដ្ឋាការមាស» វិនិយោគិនអាចស្នាក់នៅ១ទសវត្សរ៍

បរទេស៖ ឥណ្ឌូណេស៊ីបានចាប់ផ្តើមជាផ្លូវការ នូវកម្មវិធី «ទិដ្ឋាការមាស» ដើម្បីទាក់ទាញការវិនិយោគ
តាមរយៈការអនុញ្ញាតឱ្យអ្នកធុរជនបរទេសស្នាក់នៅ ក្នុងប្រទេសបាន រហូតដល់ ១០ ឆ្នាំ។

វិនិយោគិនបរទេស អាចទទួលបានទិដ្ឋកាមាស តាមរយៈការបោះទុនរកស៊ី ចាប់ពី ២.៥លានដុល្លារ ដោយកក់៣៥ម៉ឺនដុល្លារ ហើយអាចស្នាក់នៅបាន ៥ឆ្នាំ ។ បើចង់ស្នាក់នៅបាន ១០ឆ្នាំ បោះទុនវិនិយោគ ៥លានដុល្លារអាមេរិក ជាមួយនឹងប្រាក់កក់ ៧០ម៉ឺនដុល្លារអាមេរិក។

ប្រាក់បញ្ញើទាំងនេះអាចប្រើ ដើម្បីទិញមូលបត្របំណុលរដ្ឋាភិបាល ឬ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជី នៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី។

ទិដ្ឋាការមាសប្រភេទមួយទៀត នឹងអនុញ្ញាតឱ្យបុគ្គលស្នាក់ នៅរយៈពេល៥ឆ្នាំដែរ ប្រសិនបើពួកគេដាក់ប្រាក់ ១៣ម៉ឺនដុល្លារ នៅធនាគាររបស់រដ្ឋ ហើយទិញអាផាតមិន ដែលមានតម្លៃចាប់ពី ១ លានដុល្លារ ឬ ច្រើនជាងនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុននានាដែលប្តេជ្ញាវិនិយោគ ២៥លានដុល្លារ អាចទទួលបានទិដ្ឋាការមាស សម្រាប់នាយក ឬ តំណាងក្រុមហ៊ុនរបស់ខ្លួន សម្រាប់ការស្នាក់នៅ រយៈពេល៥ឆ្នាំ និង ៥០លានដុល្លារ សម្រាប់ការស្នាក់ នៅរយៈពេល មួយទសវត្សរ៍។

ក្នុងពិធីសម្ពោធ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយដោយជឿជាក់ថា «ទិដ្ឋាការមាស» នឹងទាក់ទាញការវិនិយោគ។

ប្រធានផ្នែកអន្តោប្រវេសន៍ ឥណ្ឌូនេស៊ី លោក Silmy Karim បាននិយាយថា ឥណ្ឌូនេស៊ី មានបំណងចេញទិដ្ឋាការមាស ដល់វិនិយោគិន ឲ្យបានចំនួន ១០០០នាក់ នៅមុនដំណាច់ ឆ្នាំ២០២៤នេះ។ ប្រភពបានបន្តថា ក្នុងពេលសាកល្បងផ្តល់ទិដ្ឋការមាស កន្លងមក បានទាក់ទាញវិនិយោគិនបរទេស ជិត៣០០នាក់ រួចមកហើយ ជាមួយនឹងទុនវិនិយោគ ជាង១២០លានដុល្លារអាមេរិក៕

ប្រភពពី Asia Nikkei ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner