មន្រ្តីជំនាញខេត្តកែបជំរុញឱ្យដាំដើមក្ងោកបន្ថែម ខណៈផ្កាក្ងោក ទាក់ទាញទេសចរខ្លាំង
កែប៖អ្នកដំណើរឬភ្ញៀវទេសចរទាំងឡាយដែលធ្វើដំណើរឆ្លង កាត់ឬមកកម្សាន្តខេត្តកែប តែងតែចាប់អាម្មណ៍ខ្លាំងនឹងដើមក្ងោក។ពិសេសនៅខែដែលដើមក្ងោកចេញផ្កា។ភ្ញៀវទាំងឡាយក៏តែងតែ ថតផ្តិតយកទិដ្ឋភាពទាំងនេះទុកជាអនុស្សាវរីយ និងប្រើប្រាស់លើបណ្ដាញសង្គម។ តាមការប៉ាន់ស្មានដោយអ្នកជំនាញដើម ក្ងោកនៅទឹកដីខេត្តកែបមានប្រមាណជាងមួយសែនដើម។
ខណៈ ដើមក្ងោកហាក់បីដូចជារុក្ខជាតិបញ្ជាក់អត្តសញ្ញាណរបស់ ខេត្តកែបនោះ មន្ត្រីជំនាញបានជំរុញដល់មន្ទីរ អង្គភាព ស្ថានប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋបន្តដាំដើមក្ងោកបន្ថែមដើម្បីបង្កើនសោភណ បង្កើតភាពបៃតងផង និងដើម្បីទាក់ទាញទេសចរផង។
លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានឱ្យដឹងថា ផ្អែកតាមចក្ខុវិស័យរបស់ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តនឹងធ្វើឱ្យក្រុងកែបក្លាយជាក្រុងធម្មជាតិ។ជាគោលដៅទេសចរណ៍បៃតង។លោកបានបន្ថែមថា កែបជាខេត្តដែលមានដើមក្ងោកច្រើនជាងគេនៅទូទាំងប្រទេស ។កែបបានក្លាយជាទីក្រុងផ្កាក្ងោកដែលមានសម្រស់ឆើតឆាយ និងបាន ទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកទស្សនានៅរដូវក្ងោកផ្កា ចន្លោះ ខែមីនា ដល់ ខែសីហា។លោកបន្តថា ដើមក្ងោករាប់រយដើមបាន ដាំបន្ថែម នៅតាមដងផ្លូវនានា ក្នុងរដូវវស្សាឆ្នាំនេះ។
លោកប្រធានមន្ទីរបានបន្តថា ចំពោះដើមឈើលម្អ ក្រៅពីបាន ដាំដើមក្ងោកទៅ រដ្ឋបាលខេត្តក៏បានដាំដើមលឿងរាជ ភួងម៉ាឡៃ និងប្រភេទដើមផ្កាសាគូរ៉ា ដើម្បីធ្វើឱ្យមានផ្កា ចម្រុះពណ៌នៅរដូវផ្ការីក។លោកបានលើកទឹកចិត្ត ដល់មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមចូលរួមដាំ និងអភិរក្សធនធាន មានស្រាប់ ពិសេសព្រៃឈើតំបន់ឧទ្យានជាតិកែប។
គួររំលឹកថា ក្រសួងទេសចរណ៍បានដាក់ចេញនូវសៀវភៅផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ក្នុងចក្ខុវិស័យ ប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់”ដោយប្រកាន់យកគោលការណ៍ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ ។
ដោយឡែកឆមាសទី១ឆ្នាំ២០២៤ ខេត្តកែបមានទេសចរមក កម្សាន្តជាង៨១ម៉ឺននាក់ ៕
អត្ថបទនិងរូបភាព៖ សិលា សារិន