អត្តពលិកកម្ពុជាលើកទង់ជាតិកម្ពុជាបង្ហាញពិភពលោក ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤
ប៉ារីស៖ អត្តពលិកកម្ពុជាបើកទូកតាមដងទន្លេ Seine ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤។
យោងតាមប្រភពពីផេកហ្វេសបុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងថា កាសែតបារាំង Le Figaro បានដាក់រូបថតមួយសន្លឹកនិយាយពីគណប្រតិភូកម្ពុជា ដោយថែមទាំងបានអត្ថាធិប្បាយពីទូករបស់កីឡាករកម្ពុជាថា “Petit mais Joli មានន័យថា តូចតែល្អស្រស់”។ កម្ពុជាបញ្ជូនអត្តពលិក៣រូប ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស តាមរយៈការទទួលបានសិទ្ធិអនុគ្រោះ ក្នុងនាមជាប្រទេសនៃចលនាអូឡាំពិក។
អត្តពលិកកម្ពុជា ៣រូប មានហែលទឹក២រូប និងអត្តពលកម្មមួយរូប រួមជាមួយប្រតិភូ១៣រូប ផ្សេងទៀតក៏មានវត្តមានក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣៣ ក្នុងប្រទេសបារាំងនេះដែរ។
សូមបញ្ជាក់ថា អូឡាំពិកប៉ារីសឆ្នាំ២០២៤ ដែលមានអត្តពលិកសរុប ១០,៧១៤រូបមកពី ២០៦ប្រទេសជុំវិញពិភពលោក ចូលរួមប្រជែងមេដាយក្នុង ៣២កីឡា លើ ៣២៩វិញ្ញាសា នឹងចាប់ផ្តើមប្រកួត និង ពិធីបើកផ្លូវការកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា