បេក្ខជនជាង ៤ពាន់នាក់បន្តប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនបឋមសិក្សាលើវិញ្ញាសារ សេរលើកទី២ នៅសប្តាហ៍ទី២ ខែសីហា
(ភ្នំពេញ)៖ ក្នុងចំណោមបេក្ខជនជិត ៤ម៉ឺននាក់ ដែលបានចូលរួមប្រឡងប្រជែងលើវិញ្ញាសារសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សានៅទូទាំងប្រទេស ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា មានតែបក្ខជនចំនួន ៤៣២១នាក់ ក្នុងនោះស្រីមានចំនួន ២៨២៦នាក់ បានជាប់បន្ត ទៅប្រឡងលើកទី២ លើវិញ្ញាសារសរសេរ ដែលជាការប្រឡងលើកចុងក្រោយដែលនិងចម្រាញ់យកតែ ១៣៤៧នាក់ ។ កំណែលើសន្លឹកកិច្ចការវិញ្ញាសារសរសេររបស់បេក្ខជនប្រឡងគ្រូបឋមសិក្សា លើកទី១ បានបញ្ចប់នៅម៉ោងប្រមាណជាង៩ យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ទៅតាមការគ្រោងទុក ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការប្រឡងប្រជែង បានអញ្ចើញចុះត្រួតពិនិត្យទៅលើការងារ កំណែវិញ្ញាសា បូកសរុបពិន្ទុ ក៏ដូចលទ្ធផលប្រឡងប្រជែងរបស់បេក្ខជន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ ចត់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ឈរលើគោល ការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ជាមួយគ្នានេះ កិច្ចការងារទាំងនេះក៏មានការ ចូលឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើសពីនេះ ក៏មានការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើសន្លឹកកិច្ចការដែលកែរួច ដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ។
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់ វិញ្ញាសាសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡង វិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ សំរាប់វិញ្ញាសារប្រឡងកម្រិតថ្នាក់ទី១២ រួមមានគណិតវិទ្យ រយៈពេល ២ម៉ោង ចាប់ពីម៉ោង ១២និង៣០ ដល់ម៉ោង ១៤ និង៣០ និង និងអក្សរសាស្រ្តាខ្មែរ រយៈពេល ២ម៉ោងដូចគ្នា ចាប់ពីម៉ោង ១៤និង៣០នាទី ដល់ម៉ោង ១៧ និង ៣០ នាទី ។
គួរបញ្ជាក់ផងដែរថា ការប្រឡង ប្រជែងជ្រើស រើសគ្រូបង្រៀននបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី១ មានរយៈ ពេល ៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ -២០- ២១ ខែកក្កដា ឆ្នាំ២០២៤ ។ ការកែសន្លឹកកិច្ចការរបស់បេក្ខជនជិត៤ម៉ឺននដាក់ ត្រូវប្រើរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់២៦ខែកក្កដាបន្ទាប់ពីមានការត្រួត ពិនិត្យផ្ទៀងផ្ទាត់លទ្ធផលកែរួច បានត្រឺត្រូវ ការប្រកាសលទ្ធផល គឺធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅលើគេទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងមុខងារសារធារណៈ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា