វិស្វករ ជាធនធានបញ្ញវ័ន្តវិស្វកម្ម និងជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព
(ភ្នំពេញ)៖ វិស្វករ ជាធនធានបញ្ញវ័ន្តវិស្វកម្ម និងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ខណៈរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យបានផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ពង្រឹងការស្រាវជ្រាវ និងបរិវត្តកម្មឌីជីថល ដែលជាកាលានុវត្តភាពថ្មី ក្នុងការបង្កើនប្រសិទ្ធភាព និងផលិតភាពឱ្យកាន់តែប្រសើរឡើង ។
នេះជាការលើកឡើងរបស់ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា រៀបចំឡើងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានឯកឧត្តម សុខុម ភគវន្តមុនី (សុខុម ភ.គ.វន្តមុនី) អនុប្រធានអចិន្រ្តៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងជារដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងសិក្ខាកាមដែលមកពីបណ្តារាជធានី-ខេត្តទាំង២៥ ជាមន្រ្តីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានជំនាញវិជ្ជាជីវៈលើវិស័យវិស្វកម្ម និងជំនាញពាក់ព័ន្ធសរុប ២៥០នាក់ ។
ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅខាងលើ គណៈវិស្វករកម្ពុជា មានផែនការយុទ្ធសាស្រ្ត ៥ចំណុច គឺ៖ ទី១- ផ្សព្វផ្សាយ និងចុះបញ្ជីវិស្វករដែលមានបំណង និងកំពុងប្រកបវិជ្ជាជិវៈវិស្វកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ទី២- រៀបចំផែនការសម្រាប់អភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈដល់វិស្វករចុះបញ្ជី ទី៣-ស្វះស្វែងរកអ្នកវិជ្ជាជីវៈមានបទពិសោធន៍ល្អៗ និងដៃគូអភិវឌ្ឍន៍ ទី៤- ការពារ និងផ្ដល់ឱកាសឱ្យមានការងារជូនវិស្វករជាតិ និងទី៥- វាយតម្លៃ និងបញ្ចូនវិស្វករអាជីពជាតិ ឱ្យទទួលបានគោរមងារជាវិស្វករអាស៊ាន និងជាវិស្វករអាជីពឆ្នើមអាស៊ាន ។
ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្តថា ការអភិវឌ្ឍជាតិ និងសមាហរណកម្មសេវាវិស្វកម្មតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន ដែលនឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ចាំបាច់ត្រូវមានមូលដ្ឋានគតិយុត្ត និងធនធានបញ្ញវ័ន្តវិស្វករជាតិប្រកបដោយគុណភាព ស្តង់ដារដែលអាចទទួលយកបាន ។ ដូច្នេះហើយបានជាគណៈវិស្វករកម្ពុជា តម្រូវឱ្យមានការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា។
ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជា ជាសមាជិកស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ាន និងជាគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្ម ដែលផ្ដល់លទ្ធភាពឱ្យវិស្វករអាជីពជាតិ មានឱកាសធ្វើចល័តភាពក្នុងតំបន់ តាមរយៈការទទួលបាននូវគោរមងារជាវិស្វករអាស៊ាន និងជាវិស្វករអាជីពឆ្នើមអាស៊ាន។
ឯកឧត្តម អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានបន្ថែមថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ គណៈវិស្វករកម្ពុជា បានចុះបញ្ជីវិស្វករចំនួន ៨ ២៥២នាក់ (ស្រីចំនួន ៣៣១នាក់) ក្នុងនោះវិស្វករចុះបញ្ជីដំបូងចំនួន ៧៨៩៧នាក់ (ស្រីចំនួន ៣២៦នាក់) និងវិស្វករបរទេសចំនួន ១១៥នាក់ (ស្រីចំនួន ០២នាក់) ដែលក្នុងនោះ មានវិស្វករអាជីពចំនួន ១ ០៧០នាក់ (ស្រីចំនួន ១៦នាក់) យុវវិស្វករអាស៊ានចំនួន ៣៨៦នាក់ (ស្រីចំនួន ១៥នាក់) វិស្វករអាស៊ានចំនួន ៦១១នាក់ (ស្រីចំនួន ០៦នាក់) និងវិស្វករអាជីពឆ្នើម អាស៊ានចំនួន ១២៤នាក់ (ស្រីចំនួន ០១នាក់) ៕
ដោយ ៖ វណ្ណលុក