សម្ដេចតេជោ ហ៊ុន សែន បានចូលទៅខមិនពន្យល់គណនីឈ្មោះ “Chhoem Sakada” ដែលបង្ហោះផ្សាយពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលទៅខមិនពន្យល់គណនីឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុខមិននាព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៤ ថា ពុកបានបកស្រាយអស់ ២ម៉ោង សង្ឃឹមថា កូនយល់។ ទឹកដីកម្ពុជា មិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើង ក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។ ឯប្រជាជនវៀតណាម និងឡាវ ក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។ កិច្ចសហការរបស់យើង ប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញ នូវការពន្យល់របស់ពុក កូននិងកាន់តែយល់ ។
សម្ដេចតេជោ បានលើកឡើងថា ពុកទើបត្រឡប់មកពីវៀតណាមល្ងាចម៉ិញនេះ (26/7/2024) ដែលម្សឹលម៉ិញនេះ ពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាម សុំឲ្យភាគីវៀតណាម បន្ថែមការលក់ភ្លើងឲ្យយើង ដោយដំឡើងពី ២៥០មេហ្រ្គាវ៉ាត់ ដល់ ៤០០មេហ្រ្គាវ៉ាត់ ដែលភាគីវៀតណាម យល់ព្រម ។ យើងផលិតភ្លើងមិនទាន់គ្រប់ ឯឡាវ ផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា ។
សម្ដេចថា ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាង ពិសេសតំបន់ភូមិភាគឥសាន្តរបស់យើង ដែលខ្វះផ្លូវដឹកជញ្ជូន ខ្វះអគ្គីសនី និងខ្វះទីផ្សា។ ២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ គឺអត់ទេ តែយើងបានបោះបង្គោលព្រំដែលដល់មុំ ៣ កម្ពុជា ឡាវ វៀតណាម ថែមទៀតផង។
សម្ដេចបញ្ជាក់ថា ពុកទទួលយកការកង្វល់ និងការព្រួយបារម្មណ៍របស់កូន និងប្រជាជនយើង ដោយសារកត្តាប្រវត្តិសាស្រ្ត ទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាង ដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ៕
ដោយ ៖ វណ្ណលុក