ប្រេស៊ីលដាក់បញ្ចូលឧទ្យានជាតិមួយទៀត ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
ប្រាស៊ីលីយ៉ា៖ ឧទ្យានជាតិ ឡង់ស័រ ម៉ារ៉ង់ហង់សេស របស់ប្រទេសប្រេស៊ីល ត្រូវបានប្រកាសកាលពីថ្ងៃសុក្រទី២៦ ខែកក្កដាថា ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ឧទ្យានជាតិ ឡង់ស័រ ម៉ារ៉ង់ហង់សេស ដែលល្បីល្បាញដោយសារវាលខ្សាច់ពណ៌ស ដែលពោរពេញទៅដោយទឹកបឹងពណ៌ខៀវស្រងាត់ដូចត្បូងមរកតក្នុងរដូវវស្សា បានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ឧទ្យានដ៏ធំនេះ មានទីតាំងនៅរដ្ឋ Maranhao ភាគឦសាននៃប្រទេសប្រេស៊ីល។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវដែលី របស់ប្រទេសឥណ្ឌា។
ហើយបន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក Lula da Silva បាននិយាយនៅក្នុងលិខិតមួយផ្ញើនៅដើមឆ្នាំ ២០២៣ ទៅកាន់អង្គការយូណេស្កូ ដើម្បីជំរុញឱ្យមានការចុះបញ្ជីឧទ្យានជាតិនេះថា ជាតំបន់បេតិកភណ្ឌពិភពលោក។ ឧទ្យានជាតិនេះក៏ជាទីតាំងថតខ្សែភាពយន្តហូលីវូដជាច្រើនរឿងផងដែរ។
ឧទ្យានជាតិ ឡង់ស័រ ម៉ារ៉ង់ហង់សេស គឺជាតំបន់ទី២៤ហើយនៅក្នុងប្រទេសប្រេស៊ីល ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទីកន្លែងដែលមានសារៈសំខាន់ខាងវប្បធម៌ ឬធម្មជាតិ។ ឧទ្យានជាតិនេះបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ១៩៨១ និងគ្របដណ្តប់នៅលើផ្ទៃដីមានទំហំ ១៥៦,០០០ហិកតា ហើយជាងពាក់កណ្តាលនៃឧទ្យានជាតិនេះ បានផ្តល់នូវទេសភាពវាលខ្សាច់ដ៏ស្រស់ស្អាត និងបឹងចម្រុះពណ៌ ដែលទាក់ទាញភ្ញៀវទេសចរជាង ១០០,០០០នាក់ជារៀងរាល់ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា