កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ត្រូវបានបញ្ចប់ ដោយនវានុវត្តន៍ករវ័យក្មេងរួមគ្នាបង្កើតដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ
(សៀមរាប)៖ កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ត្រូវបានបិទបញ្ចប់នៅថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងពិធីប្រគល់រង្វាន់ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+៣ ដើម្បីសិក្សាស្វែងយល់ពីវិទ្យាសាស្ត្រ និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញ មួយសប្តាហ៍។
ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ នៅក្នុងកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» សិស្សានុសិស្សបានចូលរួមក្នុងសិក្ខាសាលាដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការបង្កើតគម្រោង ធ្វើពិសោធន៍វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីប្រគល់រង្វាន់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “ក្មួយៗបានបង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជាស្នូល នៃសហគមន៍អាស៊ាន+៣ ។”
ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់។
ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងរបស់កម្ពុជា ជាលើកដំបូង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ “កម្មវិធីនេះបានផ្តល់ជាវេទិកាមួយ ដើម្បីតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយរបស់យើង ដើម្បីឱ្យពួគេបន្តទាញយកសក្តានុពលដែលគ្មានដែនកំណត់ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ទាំងក្នុងតំបន់ និងពិភពលោក។”
ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។
គួរបញ្ជាក់ថា កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បានបញ្ចប់ទៅដោយស្មារតីសាទរ និងក្តីសង្ឃឹម ដោយអ្នកចូលរួមវ័យក្មេងទាំងនេះបានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍ វិទ្យាសាស្ត្រសម្រាប់តំបន់អាស៊ាន+៣ ៕
ដោយ ៖ ង៉ាន់ ទិត្យ