ក្រុម២២ មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូជាមួយគ្នា
ភ្នំពេញ៖ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២ ប្រមាណ៦០នាក់ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបជុំគ្នាពិសាអាហារសាមគ្គីដើម្បីជាការរំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិ ងបង្កើនទំនាក់ទំនងគ្នាឲ្យកាន់តែស្អិតរមួតថែមទៀតក្នុងគោលដៅបម្រើប្រជាជន និងប្រទេសជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
នៅក្នុងពិធីជួបជុំបងប្អូនក្រុម២២មកពីជំនាន់ផ្សេងៗគ្នានៅភោជនីយដ្ឋាន សេង ហុកហេង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញដែលផ្តួចផ្តើមរៀបចំឡើងដោយលោកឡេង ចាន់វិរៈ នេះពុំមានការថ្លែងអ្វីជាផ្លូវការក្រៅពីថាការជួបជុំគ្នានៅថ្ងៃនេះ ដើម្បីសួរសុខទុក្ខគ្នានិងពិសាហារសាមគ្គីប្រកបដោយបរិយាកាសសប្បាយរីករាយនិងស្និតស្នាលគ្នាក្រៃលែង។
ពិធីខាងលើនេះឃើញមានវត្តមានឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបងប្អូនមានមុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលខណ្ឌ ស្រុក និង មន្ត្រីមកពីស្ថាប័នផ្សេងគ្នាច្រើនរូបទៀត ហើយបងប្អូនបានគាំទ្រនូវការលើកឡើងថាសុំឱ្យមានការជួបជុំគ្នាបែបនេះឱ្យបានមួយឆ្នាំម្តង ។
អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា( ក្រុម២២ )នេះ បច្ចុប្បន្នអ្នកខ្លះបាននិងកំពុងកាន់ដំណែងជា រដ្ឋមន្ត្រី ឯកអគ្គរាជទូត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាននៅតាមក្រសួងស្ថាប័ន និង ជាអភិបាល អភិបាលរងរាជធានី-ខេត្ត ប្រធាន-អនុប្រធានមន្ទីរ អភិបាល-អភិបាលរងខ័ណ្ឌ-ស្រុក នៅក្មុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងនៅក្នុងជួររាជរដ្ឋាភិបាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានាយទាហាន ជាមេធាវី ជាអ្នកជំនួញ ជាប្រធាន-អនុប្រធានគណកម្មការផ្សារ និងមួយចំនួនទៀតបម្រើការក្នុងវិស័យឯកជន។
រំលឹកឱ្យដឹងថាក្រុមយុវជនស្នូលគណបក្ស ប្រជាជនកម្ពុជា ហៅក្រុម២២ ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ៕
ដោយ:គ្រី សម្បត្តិ