ប្រទេសជាតិមានសុខសន្តិភាព បានជំរុញឲ្យសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ កំពុងរីកចម្រើន
(កំពត)៖ ប្រទេសជាតិមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានធ្វើសមិទ្ធផលនានានៅក្នុង វិស័យពុទ្ធចក្រ កំពុងកើតឡើងជាបន្តបន្ទាប់ និងបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងការគោរព ប្រណិប័តន៍ព្រះពុទ្ធសាសនា។
នេះជាប្រសាសន៍របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម នៅស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ថ្លែងថា សមិទ្ធផលខ្លោងទ្វារថ្មីនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម អាចកើត មានឡើង ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពប្រណិប័តន៍ ក្នុងនោះការចូលរួមពីសប្បុរសជន ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ដើម្បីទុកជាប្រយោជន៍រួម របស់លោកតាលោកយាយ ពូមីងបងប្អូនទាំងអស់គ្នា។ ការណ៍នេះបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពរវាងលោកតាលោកយាយ ពូមីង បងប្អូន ពុទ្ធបរិស័ទ ចំណុះជើងវត្តពោធិព្រឹក្សាខារាមទាំងអស់។
លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស នៅក្នុងខេត្តកំពតនេះ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ។
ព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គរហូតដល់សមុទ្រខេត្តកែប មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកជីកនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋយើងក្នុងខេត្តកំពតនេះ ជាពិសេស អ្នកដែលរស់នៅអមសងខាងព្រែកជីកនេះ ដូចជា កាត់បន្ថយរយៈចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ចំណេញពេលវេលា បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹមសត្វជាដើម ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត