អូស្រ្តាលីថា របបសឹកមីយ៉ាន់ម៉ានឹងមិនមាននិរន្តរភាពទេ
វៀងចន្ទន៍៖ នៅក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅប្រទេសឡាវ ប្រមុខការទូតអូស្រ្តាលីបានថ្លែងអះអាងថា ស្ថានភាពនៅមីយ៉ាន់ម៉ា គឺ “មិនមាននិរន្តរភាព” ទេ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានសង្កត់ធ្ងន់ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសារសង្រ្គាម នឹង “មិនមាននិរន្តរភាព” ទេ។
លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបន្តធ្វើការជាមួយដៃគូអាស៊ាន និងប្រទេសផ្សេងទៀត ដើម្បីធ្វើអ្វីតាមដែលយើងអាចធ្វើបាន ក្នុងការស្វែងរកស្ថិរភាព។ ប៉ុន្តែជាមូលដ្ឋានសាររបស់ខ្ញុំពីអូស្ត្រាលីទៅកាន់របបសឹកមីយ៉ាន់ម៉ា គឺមិនមាននិរន្តរភាពសម្រាប់អ្នក ឬសម្រាប់ប្រជាជនរបស់អ្នកទេ។
ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ហើយបានបើកការបង្ក្រាបយ៉ាងខ្លាំងទៅលើអ្នកប្រឆាំងនឹងខ្លួន។ ចាប់តាំងពីពេលនោះមក មនុស្សសរុបជាង៥,២០០នាក់ត្រូវបានសម្លាប់ អំឡុងការបង្រ្កាបរបស់យោធាលើពួកប្រឆាំង ហើយប្រហែលជាង២៦,០០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នេះបើតាមអង្គការឃ្លាំមើលនៅមីយ៉ាន់ម៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា