លោក ធៀម ពេជ្រវិសាល៖ មហោស្រពបច្ចេកវិទ្យាមេគង្គ នឹងរួមចំណែកជាមួយសកម្មភាពស្នូល នៃយន្តការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា លើបច្ចេកវិទ្យា នវានុវត្តន៍
(ភ្នំពេញ)៖ មហោស្រពមេគង្គលើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជន ដែលរៀបចំឡើងរយៈពេល ២ថ្ងៃ នឹងរួមចំណែកជាមួយសកម្មភាពស្នូលនៃយន្តការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យបច្ចេកវិទ្យានិងនវានុវត្ដន៍ ដែលជាមុំមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងគោលដៅអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យម ត្រឹមឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
នេះបើយោង តាមការគូសបញ្ជាក់ របស់ប្រធានរៀបចំ មហោស្រពមេគង្គ លើកទី២ លោក ធៀម ពេជ្រវិសាល ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អប្សរា ក្នុងថ្ងៃបើកមហោស្រព មេគង្គលើទី២ នាព្រឹកថ្ងៃទី២៧ ខែ កក្តដា ឆ្នាំ២០២៤ នៅផ្សារទំនើប អូឡាំព្យា ។
អ្នករៀបចំមហោស្រពរូបនេះ បានអះអាងថា មហោស្រពមេគង្គនេះ គឺជាវេទិកាមួយដែលផ្សាភ្ជាប់ភាគីសំខាន់ទាំង៣ រួមមានក្រសួងរដ្ឋាភិបាល សហគ្រិនធំតូច និងយុវជនដែលជាកំលាំង ចលករដ៏ធំក្នុងវិស័យបច្ចេកវិទ្យា ។
លើសពីនេះ វេទិការបច្ចេកវិទ្យាមេគង្គ បានផ្តល់ឳកាស ដល់យុវជនដែលមានគម្រោងបច្ចេកវិទ្យា នវានុវត្តន៍ តាំងបង្ហាញស្នារដៃរបស់ខ្លួន ជូនសាធារណៈជន ជាពិសេសសហគ្រិនធំៗ ដែលជាឱកាសទទួលបានការវិនិយោគនាពេលអនាគត ។ ពិសេស ជាងនេះទៀត មហោស្រពមួយនេះ នឹងក្លាយជាការផ្សព្វផ្សាយបញ្ជ្រាបក្រៀគរយុវជនកម្ពុជាឱ្យស្រលាញ់ចូលចិត្តវិស័យបច្ចេកវិទ្យា និង នវានុវត្ដន៍ កាន់តែច្រើនជាងមុន ។
មហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២នេះ ពាំនាំនៅមាតិកាសំខាន់ ចំនួន៣ រូមមាន សន្និសីទ សិក្ខាសាលា និងពិព័រណ៍បច្ចេកវិទ្យា នវានុវត្តន៍ ដែលបានគោរពអញ្ជើញវត្តមានវាគ្មិន និងអ្នកសម្របសម្រួលកិត្តិយស សរុប ២៦រូប ដែលពោរពេញទៅដោយជំនាញ និងបទពិសោធន៍ជាយូរឆ្នាំក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចការងារប្រចាំថ្ងៃ ទាំងក្នុងវិស័យសាធារណៈ និងអាជីវកម្មឯកជន ។
សូមរំលឹកថា មហោស្រពបច្ចេកវិទ្យាមេគង្គ ត្រូវបានបង្កើតឡើងនាឆ្នាំ២០២៣ ដោយយុវជនខ្មែរ៥នាក់ ដែលមានឆន្ទៈបង្កើតនៅគម្រោងដែលរួមចំណែកដល់ការអភិវឌ្ឍន៍នៃសង្គមជាតិ ជាពិសេស សមត្ថភាព និងអនាគតយុវជនជំនាន់ក្រោយ ។ គម្រោងមហោស្រពបច្ចេកវិទ្យាមេគង្គ ត្រូវបានសម្រេចជ្រើសយកមកអនុវត្តន៍ ក្រោមបេសកកម្ម ៥ឆ្នាំ សម្រេចអោយបាននៅព្រឹត្តិការមហោស្រពបច្ចេកវិទ្យាកម្រិតតំបន់ អាស៊ាន ដែលបង្កើតឡើងដោយយុវជនកម្ពុជា សម្រាប់យុវជនកម្ពុជា ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ