ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើបបាគងសម្រាប់ទេសចរ
ស្វាយរៀង៖មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើប ដែលហៅថា “បាគងសម្រាប់ទេសចរ” (Bakong Tourists App) ដើម្បីសម្រួលដល់ការទូទាត់ចាយវាយនានារបស់ភ្ញៀវទេសចរ។
លោក យឹម លាត ទេសាភិបាលរងធនាគារជាតិកម្ពុជាបានថ្លែងបន្តទៀតថា ការប្រើការទូទាត់អេឡិចត្រូនិកនេះ នឹងអាចជំរុញឱ្យភ្ញៀវទេសចរបង្កើនការចាយនៅកម្ពុជា និងនៅបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយ មានដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀតនាពេលខាងមុខ។
ដោយត្រឡប់ទៅរំលឹកអ្វីដែលធនាគារជាតិកម្ពុជាសម្រេចរួចមកហើយ លោកទេសាភិបាលរងបានគូសរំលេចថា ប្រព័ន្ធទូទាត់បាគងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការឌីជីថលផ្សេងៗ ដូចជាទូទាត់ និងផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ។ ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ តាមរយៈ KHQR Code ។ ក្រៅពីនេះធនាគារជាតិនៃកម្ពុជា នឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ក្នុងឆ្នាំនេះ តាមផែនការតភ្ជាប់ជាមួយប្រទេសផ្សេងៗទៀតក្នុងពិភពលោក។
ការបញ្ជាក់របស់លោកយឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការនៅខេត្តស្វាយរៀងនាថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៤ក្រោមការអញ្ជើញចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាងមួយពាន់នាក់ លោក យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាពិសេសប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល។
សូមជម្រាបថា កម្មវិធីផ្សព្វផ្សាយពីប្រាក់រៀលនេះ នឹងមានកម្មវិធីជាច្រើនរហូតដល់ម៉ោង ៧ យប់ ដែលរួមមាន ការធ្វើបទបង្ហាញនិងការបញ្ចាំងវីដេអូរបស់សិស្សានុសិស្សអំពីប្រាក់រៀលព្រមទាំងមានពិព័រណ៍ស្តីពីប្រវត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ វឌ្ឍនភាពនៃប្រព័ន្ធបាគ ខេអេចឃ្យូអរ ការទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ ការលេងល្បែងល្បងប្រាជ្ញាយករង្វាន់ និងមានការប្រគំតន្ត្រីដោយមានការចូលរួមពីតារាចម្រៀងល្បីៗនៅផងដែរ៕
ដោយ៖នុត នាង