ជម្រកស្នាក់នៅរបស់កម្លាំងប្រតិបត្តិការសឹករងកំពង់ធំបំពេញភារកិច្ច​រងការវាយប្រហារដោយ​ខ្យល់កន្រ្តាក់

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំបន្ទាប់ពីទទួលដំណឹងថា កងកម្លាំងដែលស្នាក់នៅ ប្រចាំការបំពេញបេសកកម្មការពារបង្រ្កាបបទល្មើសធនធានធម្មជាតិនៅតំបន់ត្រពាំងក្រវិល ក្នុងដែនជម្រកសត្វបឹងពែរ ស្ថិតក្នុង​ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រងការវាយប្រហារដោយខ្យល់​កន្រ្តាក់ លោកឧត្តមសេនីយ៍ទោ​បានដឹកនាំក្រុម​ការងារទៅសាកសួរ​សុខទុក្ខផ្ទាល់កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

លោកអនុសេនីយ៍ឯក ចាន់ រ៉ន មេបញ្ជាការកងអនុសេនាធំទី៣ កងវរសេនាតូចលេខ២ បានឱ្យដឹងថា នៅយប់ម៉ោង១១ថ្ងៃទី២៤ ខែកក្កដាមានភ្លៀងមួយមេធំ និងមានខ្យល់កន្ត្រាក់ បណ្តាលឱ្យ​បាក់មែកឈើសង្កត់លើរោងស្នាក់នៅរបស់កងកម្លាំង បានធ្វើឱ្យ​ខូចខាតជម្រកស្នាក់នៅ ប៉ុន្តែមិនបណ្តាលឲ្យងរបួសធ្ងន់ធ្ងរ ដល់កងកម្លំាងយោធិនដែលកំពុងសម្រាក នៅក្នុងរោងឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ​ការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កោតសរសើរកងកម្លាំងនៃបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពុះពាររាល់ការលំបាកទាំងការស្នាក់នៅ ការហូបចុក ប៉ុន្តែបង​ប្អូននៅតែខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជា​របស់ឯកឧត្ដម​អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយ​មួយចំនួន​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនកងកម្លាំងនៃបញ្ជាការ​ដ្ខានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមមាន​ប្រេងសាំង​ អង្ករ មី កៅស៊ូតង់ ទឹកបរិសុទ្ធ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែបង្ការ និង ថវិកាមួយចំនួន៕
ដោយ៖ ប៊ុន រដ្ឋា

ads banner