រដូវវស្សាឆ្នាំនេះ មន្ទីរបរិស្ថានខេត្តបាត់ដំបង ត្រៀមកូនឈើ ៤៥ ០០០ដើម សម្រាប់ចែកជូនដាំ
បាត់ដំបង៖កូនឈើចម្រុះ ជិតបួនម៉ឺនដើម ត្រូវបានមន្ទីរបរិស្ថានខេត្តបាត់ដំបងចែកជូនយកទៅដាំក្នុងរដូវវស្សាឆ្នាំ២០២៤ ខណៈមន្ទីរបានត្រៀមចំនួន៤៥ ០០០ ដើមសម្រាប់ឆ្នាំនេះ។
លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់ទូរទស្សន៍អប្សរាថា រហូតមកដល់ពេលនេះកូនឈើប្រមាណជិតបួនម៉ឺនដើមត្រូវបានមន្ទីរចែកជូនស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងប្រជាពលរដ្ឋយកទៅដាំលម្អ នៅតាមភូមិឋាន ផ្ទះសម្បែងទីធ្លាសាធារណៈនានា ដើម្បីរួមចំណែកបង្កើតធនធានធម្មជាតិនិងសម្រេចបាននូវយុទ្ធនាការ” ផ្ទះមួយខ្នង ឈើមួយដើម”។
លោកបានបន្ថែមថា ក្នុងឆ្នាំនេះដែរ មន្ទីរបានត្រៀមកូនឈើប្រមាណ៤៥ ០០០ដើម សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទូទៅតែតម្រូវការកូនឈើ អាចច្រើនជាងនេះ។លោកបន្តថា នៅឆ្នាំក្រោយៗមន្ទីរនឹងត្រៀមបណ្តុះកូនឈើបន្ថែមទៀតក្នុងចន្លោះពីប្រាំម៉ឺន ទៅប្រាំមួយម៉ឺនដើម ដើម្បីបំពេញនូវតម្រូវការដាំក្នុងខេត្ត។
តាមរយៈនៃការចែកជូនកូនឈើនេះ លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្ត សូមឱ្យចូលរួមដាំកូនឈើតាមផ្ទះសម្បែង តាមទីធ្លាមុខផ្ទះ ឱ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថានបៃតង និងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ។
ព្រមជាមួយគ្នានេះ លោក កត បូរ៉ាន បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងរង្វង់ឆ្នាំ២០៥០ ប្រទេសកម្ពុជានឹងទទួលបានព្រៃឈើប្រមាណ៦០ភាគរយឬលើសពីនេះ ខណៈដែលប្រជាពលរដ្ឋកម្ពុជា បានយល់ដឹងពីអត្ថប្រយោជន៍របស់ព្រៃ
ឈើ និងកំពុងតែចាប់ផ្ដើមដាំស្ដារព្រៃឈើឡើងវិញជាបន្តបន្ទាប់ មកនេះ។
សូមបញ្ជាក់ថា ការចែកជូនកូនឈើរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងបានធ្វើឡើងចាប់ពីថ្ងៃទី១១ ខែកក្កដាកន្លងមកដែលជាការអបអរពិធីរុក្ខទិវា ស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបងប្រកាសបានបើកយុទ្ធនាការ “ផ្ទះមួយខ្នង ដើមឈើមួយដើម”ដោយបានចាប់ផ្ដើមដាំកូនឈើនៅតាមទីប្រជុំជនក្រុងស្រុកទាំង១៤នៃខេត្តបាត់ដំបង។យុទ្ធនាការនេះមិនមានកាលកំណត់បញ្ចប់ទេ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.