សាលាក្រុងកំពង់ឆ្នាំងទុកពេលត្រឹមថ្ងៃទី៣១ ខែកក្កដាដល់គ្រប់ក្រុមហ៊ុនស្រាបៀរទាំងអស់ទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្ម
កំពង់ឆ្នាំង៖សាលាក្រុងកំពង់ឆ្នាំងបានទុកពេលវេលាចុងក្រោយដល់គ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរ ក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាត្រឹមថ្ងៃទី៣១ខែកក្កដា ។នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៤។
លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដាបានបញ្ជាក់ថា សាលាក្រុងបានប្រជុំជាមួយម្ចាស់ក្រុមហ៊ុនស្រាបៀរទាំងអស់ដែលបានលើកផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាពិសេសនៅតាមផ្លូវជាតិលេខ ៥ត្រូវរុះរើផ្លាក របស់ខ្លួនឱ្យរួចរាល់ក្នុងរយៈពេលមួយសប្តាហ៍។បើមិនអនុវត្តទេចាប់ពីថ្ងៃទី១ ខែសីហាទៅសាលាក្រុងនឹងមានវិធានការឱ្យម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវដោយខ្លួនឯង។
អភិបាលរងក្រុងកំពង់ឆ្នាំងក៏បានបន្តថា ក្រុមហ៊ុនអាចបិទផ្សាយពាណិជ្ជកម្មជាភេសជ្ជៈដូចជាទឹកក្រូចឬទឹកផ្លែឈើបាន ប៉ុន្តែមិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មស្រាបៀរនោះទេ ។
សូមជម្រាបថា កន្លងមកថ្មីៗនេះផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀរនៅខេត្ត ក្រុង មួយចំនួនត្រូវបានទម្លាក់ចេញ៕
ដោយ៖សុខ គឹមសៀន