ប្រជាពលរដ្ឋខេត្តកំពង់ធំទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ
កំពង់ធំ៖នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានធ្វើការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ។
ក្នុងសកម្មភាពក្រុមគ្រូពេទ្យឯកទេសកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិទ្យាសាស្ត្រ និងពិនិត្យឈាមដោយឥតគិតថ្លៃ។កម្មវិធីនេះមានរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី២៨ ខែកក្កដានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ។
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សួស យ៉ារ៉ា តាំងពីឆ្នាំ២០១៣ ដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់សុខភាពប្រជាជនតាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការបរិច្ចាគនូវសម្ភារៈបរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕
ដោយ៖ ប៊ុន រដ្ឋា