ជំនន់ទឹកភ្លៀង ធ្វើឱ្យស្រូវជាងមួយពាន់ហិកតានៅខេត្តកំពង់ធំរងការខូចខាត
កំពង់ធំ៖លោក បែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យដឹងក្នុងសប្ដាហ៍នេះថា ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់និងខូចខាតដំណាំស្រូវក្រុង-ស្រុកចំនួនប្រាំពីរ មាន ស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សណ្ដាន់ បារាយណ៍ សន្ទុក ស្ទោង និងក្រុងស្ទឹងសែន។ ផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១.៧១៣ហិកតា និងខូចខាតទាំងស្រុងចំនួន១.១៨២ហិកតា។
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានភ្លៀងធ្លាក់នៅផ្នែកខាងលើជាប់ៗគ្នា ជាហេតុធ្វើស្ថានភាពកជំនន់ស្ទឹងទាំងបួនរបស់ខេត្តកំពង់ធំបន្តកើនឡើង។
លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេដោយប៉ះពាល់ដំណាំស្រូវចំនួន១.១០៨ហិកតា និងខូចខាត៩៩៦ហិកតា ។លោកបន្តថា អាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ឃើញថាប្រជាកសិករកំពុងប្រមូលផលស្រូវពីទឹក បើទោះបីពុំទាន់ដល់អាយុប្រមូលផលក៏ដោយ(ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។
តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំកាលពីថ្ងៃទី២៦ ខែកក្កដា បានឱ្យដឹងថាទឹកស្ទឹងសែននៅស្ថានីយកំពង់ធំទឹកមានកម្ពស់១៣,៤៣ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,០៩ម៉ែត្រ។កម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ន១៣,៥០ម៉ែត្រ។ចំពោះស្ថានីយស្រុកសណ្ដាន់ទឹកមានកម្ពស់១៨,៣៧ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,៣៤ម៉ែត្រកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ន១៨,៥០ម៉ែត្រ។
សូមជម្រាបថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ ខែកក្កដាអនុវត្តបានចំនួន១៩៨ ០៥៣ហិកតាស្មើនឹង៩២.៨៥ភាគរយនៃផែនការ២៣១.៣០០ហិកតាខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន១.២៧៩ហិកតា ។ក្នុងនោះស្រូវស្រាលដើមរដូវឬស្រូវបង្កើនរដូវចំនួន៣៣.២៥៤ហិកតា៕
ដោយ៖ ប៊ុន រដ្ឋា