ចិនប្រាប់អាមេរិកថា ទីក្រុងប៉េកាំងទាត់ចោលការចោទប្រកាន់ជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន
វៀងចន្ទន៍៖ ប្រមុខការទូតចិនបានប្រាប់សមភាគីអាមេរិកកាលពីថ្ងៃសៅរ៍ថា ទីក្រុងប៉េកាំងបដិសេធការចោទប្រកាន់ថា ខ្លួនកំពុងជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។
ក្នុងអំឡុងជំនួបនៅរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានប្រាប់សមភាគីអាមេរិក លោក អាន់ថូនី ប្លីងគែន ថា ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍ប្រទេសរបស់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ លោក វ៉ាង បានប្រាប់លោក ប្លីងគែន ថា អាមេរិកគួរបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី ហើយថា ចិនប្រឆាំងទៅនឹងការលាបពណ៌ និងការចោទប្រកាន់មិនពិតប្រឆាំងនឹងទីក្រុងប៉េកាំង។
លោក វ៉ាង បានសង្កត់ធ្ងន់ថា ចិនក៏នឹងមិនទទួលយកសម្ពាធ និងការបង្ខូចកេរ្តិ៍ឈ្មោះដែរ ហើយចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ដើម្បីការពារផលប្រយោជន៍សំខាន់ៗ និងសិទ្ធិស្របច្បាប់របស់ខ្លួន។
លោក វ៉ាង បន្ថែមទៀតថា ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺមានភាពស្មោះត្រង់ ហើយយើងនឹងបន្តជំរុញកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រមុខការទូតទាំងពីរបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កាលពីដើមខែនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យ “បង្កើតលក្ខខណ្ឌ” សម្រាប់កិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា