ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កំណើននៃអ្នកបញ្ញវ័ន្តបង្ហាញពីក្តីសង្ឃឹមនាពេលអនាគតដ៏ភ្លឺស្វាងសម្រាប់កម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្តីរីករាយដែលបានមើលឃើញថា កម្ពុជាមានអ្នកបញ្ញវ័ន្តដែលប្រកបដោយគំនិតច្នៃប្រឌិតកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងកម្ពុជា ប្រកបដោយសក្តានុពល មានវឌ្ឍនភាពឆ្ពោះទៅរកត្រើយសុភមង្គល ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា និងមានជីវភាពល្អប្រសើរ ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសជ័យលាភី និង ប្រគល់ពានរង្វាន់ត្នោតមាសឆ្នាំ២០២៤ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុមហ៊ុនខនហ្វីរេល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថានេះមិនគ្រាន់តែជាកម្មវិធីប្រកាសជ័យលាភីនិងប្រគល់ពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការជួបជុំនៃសហគមន៍អ្នកបញ្ញវ័ន្ត ដែលទើបតែងើបឡើងវិលត្រឡប់មកវិញសម្រាប់សង្គមជាតិកម្ពុជា បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាពនិងស្ថិរភាពនយោបាយពេញលេញទូទាំងប្រទេស ។
ឯកឧត្តមបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នៃក្រុមហ៊ុនខនហ្វីរេល និងក្រុមការងារទាំងអស់ដែលបានបង្កើតនូវកម្មវិធីនេះ ដោយអនុញ្ញាតឱ្យអ្នកបញ្ញវ័ន្តជំនាន់ក្រោយមានឱកាសអាចបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវ ចង់ដឹង ចង់ឃើញ និងប្រែក្លាយអ្វីដែលមានស្រាប់ទៅជាផលិតផលថ្មីមួយទៀត។ ឯកឧត្តម បានយកនូវគំនិតដ៏ល្អប្រពៃនេះផ្សារភ្ជាប់ទៅនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវមានការបំពេញឱ្យគ្នាទៅវិញទៅមក។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកម្មវិធីនេះថាជាការជំរុញដល់មនុស្សឱ្យរកឃើញនូវរបកគំហើញថ្មីក្រៅពីរបកគំហើញដែលមានស្រាប់ ជាពិសេសគឺការកែច្នៃរុក្ខជាតិឱ្យទៅជាផលិតផលឱសថសម្រាប់ព្យាបាលជំងឺនិងជំនួយដល់សុខភាពយ៉ាងមានប្រសិទ្ធភាព៕
ដោយ / គ្រី សម្បត្តិ