សាលាភូមិន្ទរដ្ឋបាល រៀបចំកម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១»
(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១» កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់លើការបង្កើតព្រឹត្តិបត្រនៃសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះមានការអញ្ញើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពក្រុមប្រឹក្សាផ្តល់យោបល់ គណៈកម្មការនិពន្ធនាយក ក្រុមប្រឹក្សានិពន្ធ ក្រុមការងារបច្ចេកទេស គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៤ សរុបប្រមាណ ១៥០អង្គ/នាក់។
ព្រឹត្តិបត្រគោលនយោបាយ និងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការអាន និងស្រាវជ្រាវ ដើម្បីបង្កើនពុទ្ធិជូនដល់សិស្សមន្ត្រី កម្មសិក្សាការី និងសាធារណជន តាមរយៈការសិក្សាស្រាវជ្រាវ និងនិពន្ធ ដោយអ្នកនិពន្ធប្រកបដោយគុណវុឌ្ឍិ។ ពិធីនេះបានផ្តោតសំខាន់ទៅលើប្រធានចំនួន៥ រួមមាន៖ ១) គោលនយោបាយសាធារណៈនិងបញ្ហាប្រឈមក្នុងសតវត្សទី២១ ដោយ ឯកឧត្តមបណ្ឌិត អុន ស៊ីវុធថា ២) ការអប់រំឧត្តមសិក្សានិងការស្រាវជ្រាវនៅកម្ពុជា : ដើម្បីអ្វី និងដើម្បីអ្នកណា? ដោយបណ្ឌិត អ៊ុន លាង និងលោក ឡេង សុកជា ៣) ប្រភេទនៃរបបនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយឯកឧត្តមបណ្ឌិត អ៊ុន ឃាង
៤) ប្រព័ន្ធគ្រប់គ្រងគុណផលនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ : ទស្សនាទាន និងការអនុវត្ត «ករណីសិក្សាមុខងារសាធារណៈកម្ពុជា» ដោយលោក ធន់ ប៊ុនធឿន និង ៥) ទំនុកចិត្តសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដោយបណ្ឌិត សេង គីមទី។
នៅក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា ក៏បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវឱ្យបានច្រើន ដើម្បីទុកជាឯកសារ ក្នុងការរៀនសូត្រ ការស្រាវជ្រាវ និងជាភាពសម្បូរបែបនៃឯកសារសម្រាប់សិស្សមន្ត្រី កម្មសិក្សាការី សិក្ខាកាម សិស្ស និស្សិត និងសាធារណជន៕ ដោយ ៖ វណ្ណលុក