ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ នយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលកូនខ្មែរគ្រប់រូបត្រូវតែយល់ដឹង និងមានមោទនភាពចំពោះសុខសន្តិភាព
(ភ្នំពេញ)៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ គឺជាមេរៀនដ៏សំខាន់មួយដែលកូនខ្មែរគ្រប់រូបត្រូវតែយល់ដឹង និងមានមោទនភាពចំពោះសុខសន្តិភាព ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃ ។ នេះជាការលើកឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី“នយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា” ជូនដល់សមាជិក សមាជិកា យុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ និងជំនួយការផ្នែក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ វគ្គអប់រំនេះ ត្រូវទទួលបានកិត្តិយសពី ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម សរុបចំនួន១៥៧នាក់ ស្រី ២៦នាក់។
ឯកឧត្តម ហាវ រតនៈ សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានផ្នែកក្រសួង-ស្ថាប័ន ព្រមទាំងជាប្រធានគ្រប់គ្រងវគ្គ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី “នយោបាយ ឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រសួង ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមការងារយុវជនផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ដែលកំណត់អំពីការពង្រឹងសមត្ថភាព និងគុណភាពសមាជិកបក្សជាយុវជននៅតាមក្រសួងស្ថាប័ន និងគណបក្សមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការអប់រំនយោបាយរបស់គណបក្សកាន់តែមានសារៈសំខាន់ក្នុងការកសាង ពង្រឹងជួរមន្ត្រីរបស់គណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែលជាកម្លាំងបន្តវេនដ៏មានសក្តានុពល ដែលកំពុងប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បីសម្រេចចក្ខុវិស័យរបស់គណបក្ស ហើយដែលចំពោះមុខនេះ គឺការខិតខំអនុវត្តឱ្យបានដោយជោគជ័យកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕
ដោយ / គ្រី សម្បត្តិ