នារីម្នាក់ជិតដល់ថ្ងៃការ ត្រូវរថយន្តដឹកកម្មករ នៅស្វាយរៀងបើកលឿន បុកបណ្ដាលឱ្យស្លាប់
ស្វាយរៀង៖ កម្មការិនីម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងរងរបួសជាង១០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយសាររថយន្តដឹកកម្មករបើកបុករះក្រុមកម្មករកំពុងឈរចាំរថយន្តជិះត្រឡប់ទៅផ្ទះ។រឿងដែលគួរឱ្យសង្វេគជនរងគ្រោះដល់ជីវិតគ្រោងនឹងចូលរោងការនៅខែខាងមុខឆាប់ៗ។ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាស្វាយរៀង រីសត នៃភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។
សមត្ថកិច្ចបានឱ្យដឹងថានារីរងគ្រោះដល់ជីវិតឈ្មោះ រឿន ពិសីអាយុ ១៧ឆ្នាំ មានទីលំនៅនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។អ្វីគួរឱ្យសង្វេគទៀតនោះ នារីរងគ្រោះទើបតែភ្ជាប់ពាក្យបានបីខែ ហើយមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅប៉ុន្មានខែខាងមុខ។
ប្រភពអះអាងថា មុនពេលកើតហេតុក្រុមកម្មករមានគ្នីគ្នាប្រមាណពី២០នាក់ទៅ ៣០នាក់កំពុងឈរចាំរថយន្តជិះត្រឡប់ទៅផ្ទះវិញ ។ស្រាប់តែមានរថយន្តដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ 3E0377 ពណ៌លឿងបើកបរក្នុងល្បឿនលឿនបានបុកពំនូតឱ្យប្រុងប្រយ័ត្នកាត់ថ្នល់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាស្វាយរៀង រីសត បណ្ដាលឱ្យហោះផ្លោងរេចង្កូតឡើងទៅចិញ្ចើមថ្នល់បុករះទៅលើកម្មករ កម្មការនី ដែលកំពុងឈររង់ចាំរថយន្ត ។រថយន្តបានបុកហើយកិនពីលើនារីម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្រោមរថយន្ត និងកម្មករជាង ១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល។
ក្រោយបង្កហេតុរថយន្តបានជ្រុលបុកផ្ទប់នឹងដើមឈើទៅមុខលែង។ប្រសិនជាពុំមានដើមឈើទប់ទេ ប្រហែលជាមានអ្នករងគ្រោះ
ច្រើនជាងនេះ។
បុរសអ្នកបើកបរឈ្មោះប៉ុន សូនី អាយុ ៣៦ ឆ្នាំរស់នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែករថយន្តខូចខាតធ្ងន់សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយនៅពេលក្រោយ។ ប៉ូលិសសន្និដ្ឋានបឋមថា មូលហេតុនៃគ្រោះថ្នាក់បណ្ដាលមកពីបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖នុត នាង