ថ្នាក់ដឹកនាំខេត្តកំពង់ចាមប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤បាននាំយកទេយ្យទាននិងទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួនបី នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ព្រមទាំងចូលរួមដាំកូនឈើប្រណិតជិត៤០០ដើមនៅបរិវេណវត្តបទុមកេសរ ទៀតផង។
វត្តទាំងបីមាន វត្តជ័យគិរី ហៅភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ,វត្តសន្ធរង្សី ឃុំខ្ពបតាងួន និងវត្តបទុមកេសរ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។វត្តនីមួយៗទទួលបាន ទៀនវស្សា អង្ករ ទឹកសុទ្ធ ទឹកក្រូច ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកដោះគោខាប់ ស្កសរ និងបច្ច័យបីលានរៀល ។ដោយឡែកក៏បានប្រគេនបច្ច័យ ចង្ហាន់ និងផ្លែឈើ។
សូមជម្រាបថា បន្ទាប់ពីប្រារព្ធពិធីសាសនាខាងលើរួចឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំក្រុមការងារដាំកូនឈើប្រណិតចំនួន៣៧០ ដើមក្នុងទីធ្លាវត្តបទុមកេសរ។ក្នុងនេះមានកូនធ្នង់ ១២០ដើម កូនគ្រញូង ១០០ដើម កូនគគីរ៥០ដើម និងគ្រញូងហៃណាន ១០០ដើម៕
ដោយ៖លីពៅ