ខេត្តកំពង់ធំ និងខេត្តឃ្យុងសាងប៊ុកដូចុះអនុស្សរណៈយោគយល់គ្នា
កំពង់ធំ៖ ខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តឃ្យុងសាង ប៊ុកដូនៃសាធារណរដ្ឋកូរ៉េកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៅសាលាខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងឯកឧត្តម លី ចេល វូ(Lee Cheol Woo) អភិបាលខេត្តឃ្យុងសាងប៊ុកដូ ។
អនុស្សរណៈយោគយល់គ្នានេះធ្វើឡើងដើម្បីពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនងជាដៃគូ។អនុស្សរណៈមាន ៩ចំណុច ។ក្នុងនេះ ១. ភាគីទាំង ពីរ បានឯកភាពនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បី ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលនៃខេត្តទាំងពីរ ដោយស្មោះត្រង់, ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៃប្រទេស រៀងៗខ្លួន។ ២. ដើម្បីជំរុញកំណើន និងវិបុលភាពទៅវិញទៅមក ភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការស្វែង រកឱកាសសម្រាប់ការផ្លាស់ ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលរួមមាន៖ ពាណិជ្ជកម្ម និងការ វិនិយោគ, ការអប់រំ, វប្បធម៌, ទេសចរណ៍, ការថែទាំសុខភាព និងកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ៣. ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែង កសាងបរិយាកាសអំណោយផលសម្រាប់ ការផ្លាស់ប្តូរ។ ៤. ភាគីទាំងពីរ នឹងជំរុញការផ្លាស់ប្តូរនិស្សិតនៅតាម សាកលវិទ្យាល័យនៃខេត្តទាំងពីរ និងពង្រឹងការផ្លាស់ប្តូរនិយោជិត។ ៥. ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាង មន្ត្រី រាជការ នៃរដ្ឋបាលខេត្ត ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើការផ្លាស់ប្តូរមន្ត្រីរាជការពី ភាគីនីមួយៗ តាមរយៈកម្មវិធី អញ្ជើញមន្ត្រីរាជការ ពីរដ្ឋបាលខេត្តនីមួយៗ។ ៦. ភាគីទាំងពីរ នឹងប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកឱកាសផ្លាស់ប្តូរវប្បធម៌ តាមរយៈការចូលរួមក្នុងកម្មវិធីផ្សេងៗ។ ៧. ផ្នែកទំនាក់ទំនងអន្តរជាតិ នៃខេត្តកំពង់ធំ និងផ្នែកកិច្ចការបរទេស និងពាណិជ្ជកម្ម នៃខេត្ត ឃ្យុងសាងប៊ុកដូ នឹងក្លាយជាច្រកទំនាក់ទំនង ដើម្បីសម្របសម្រួល លើកិច្ចសហប្រតិបត្តិការ និងការត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ។ ៨. ការកែសម្រួល ឬបំពេញ បន្ថែមខ្លឹមសារលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវធ្វើឡើងដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរពីភាគីណាមួយ និងផ្អែកលើ ការព្រមព្រៀងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។ វិវាទណាមួយទាក់ ទងនឹង ឬកើតឡើងពីការបកប្រែការអនុវត្ត និងការប្រតិបត្តិ បទប្បញ្ញត្តិនៃអនុស្សរណៈនៃការយោគយល់គ្នា នឹងត្រូវបានដោះស្រាយដោយមិត្តភាព ដោយផ្អែកលើការព្រមព្រៀង គ្នាទៅវិញទៅមករបស់ភាគីទាំងពីរនិង៩. អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខាដោយ ភាគីទាំងពីរ ហើយនឹងមានសុពលភាពរយៈពេលប្រាំ(៥)ឆ្នាំ។
ក្នុងឱកាសនេះឯកឧត្តម Lee Cheol Woo បានអញ្ជើញឯកឧត្តម អភិបាល ខេត្តកំពង់ធំបំពេញទស្សនកិច្ចនៅខេត្តឃ្យុងសាងប៊ុកដូ នាពេលខាងមុខ៕
ដោយ៖ប៊ុនរដ្ឋា