យុវជនខេត្តកំពង់ធំ បង្កើតកម្មវិធី “ចុងភៅឆ្នើមយុវជនឆ្នើមស្រុកស្ទោង”
កំពង់ធំ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ(ស.ស.យ.ក)រដ្ឋបាលស្រុកស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍បានរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងកម្មវិធីចម្អិនម្ហូបខ្មែរ “ចុងភៅឆ្នើមយុវជនឆ្នើមស្រុកស្ទោង” ។ពិធីបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២៤ នៅផ្សារស្ទោងអភិវឌ្ឍន៍ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។
ក្នុងឱកាសអញ្ជើញចូលរួមបើកកម្មវិធីប្រកួតប្រជែងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ លើសពីនេះទៀតឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានកោតសរសើរលោក សាយ គឹមឡម អភិបាលស្រុកនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងដែលបានចលនាយុវជនស្រុកស្ទោងបំពេញការងារសង្គមនិងមនុស្សធម៌។
លោកក៏បានថ្លែងអំណរគុណផងដែរចំពោះលោក ប៉ា ពិសុទ្ធ សមាជិកស.ស.យ.ក ខេត្តកំពង់ធំ និងជាគណៈគ្រប់គ្រងផ្សារស្ទោងអភិវឌ្ឍន៍ដែលបានឧបត្ថម្ភទាំងស្រុងក្នុងការបង្កើតនូវព្រឹត្តិការណ៍ប្រកួតប្រជែង”ចុងភៅឆ្នើមយុវជនឆ្នើមស្រុកស្ទោង”នៅក្នុងឱកាសនេះ។
សូមជម្រាបថា ព្រឹត្តិការណ៍នេះមានរយៈពេលប្រាំសប្តាហ៍។ជ័យលាភីលេខ១ នឹងទទួលបាន មេដាយមាសមួយនិងទឹកប្រាក់លើកទឹកចិត្តមួយចំនួន ។ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់មួយនិងទឹកប្រាក់លើកទឹកចិត្តមួយចំនួន។ចំណែកជ័យលាភីលេខ៣ នឹងទទួលបានមេដាយសំរឹទ្ធមួយនិងទឹកប្រាក់លើកទឹកចិត្តចំនួនចំនួន៕
ដោយ៖ប៊ុន រដ្ឋា