គ្រោះរញ្ជួយដីកម្រិតមធ្យមវាយប្រហារវៀតណាម ញាប់ញ័រដល់កម្ពុជា និងឡាវ
ហាណូយ៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៥រ៉ិកទ័រ បានវាយប្រហារស្រុក Kon Plong នៃខេត្ត Kon Tum របស់ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ហើយវាគឺជាគ្រោះរញ្ជួយខ្លាំងបំផុតមិនធ្លាប់មាន នេះបើយោងតាមការិយាល័យព័ត៌មានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ស្ថិតក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃអាទិត្យ នៅក្នុងជម្រៅដីប្រហែល ៨.១គីឡូម៉ែត្រក្រោមផ្ទៃដី។ គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីការខូចខាតឬមនុស្សរងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយរញ្ជួយដីនេះនៅឡើយទេ។
ខេត្ត Kon Tum មានព្រំប្រទល់ជាប់ខេត្ត Sekong និង Attapeu របស់ប្រទេសឡាវ ព្រមទាំងខេត្តរតនគិរីរបស់កម្ពុជា។ ដោយសារចំណុចរំញ័រនៅមិនឆ្ងាយប៉ុន្មានពីតំបន់ព្រំប្រទល់ឡើយនោះ អ្នកដែលស្ថិតនៅកៀកតំបន់ព្រំដែនក្នុងប្រទេសឡាវ និងកម្ពុជា បានទទួលនូវអារម្មណ៍អំពីការញ័រតិចៗនៃគ្រោះរញ្ជួយដីនេះប៉ុន្មានវិនាទីផងដែរ។
យោងតាមស្ថិតិបានបង្ហាញថា គ្រោះរញ្ជួយដីរហូតដល់ ៦៥លើក ត្រូវបានកត់ត្រានៅទូទាំងប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំ២០២៤នេះ ដោយក្នុងនោះមាន ៥៤លើកនៅក្នុងខេត្ត Kon Tum តែមួយគត់ ដែលមានកម្រិតចាប់ពី ២.៥ ដល់ ៤រ៉ិកទ័រ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា