មកមើលសោភ័ណភាពខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ក្រោយជួសជុលរួចរាល់
ភ្នំពេញ៖ ខ្លោងទ្វារខាងលិច ក្នុងចំណោមខ្លោងទ្វារទាំង៤របស់ប្រាសាទបន្ទាយក្តី ដែលបានបញ្ចប់ការងារជួសជុលអភិរក្ស តាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) នៅចុងឆ្នាំ២០២៣កន្លងមក រួចផុតពីស្ថានភាពខូចខាតទ្រុឌទ្រោម ហើយពេលនេះបានលេចសម្រស់យ៉ាងស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស។
មុនការជួសជុលឡើងវិញ ខ្លោងទ្វារនេះមានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួន ២ប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំផងដែរ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ២៨ ខែកក្កដានេះថា ក្រោយពង្រឹងនូវគ្រឹះ ជួសជុលតួខ្លោងទ្វារដែលស្រុត ជញ្ជាំងហែក ហើយថ្មនៃរចនាសម្ពន្ធមួយចំនួនដែលរលុះធ្លាក់ត្រូវបានរៀបផ្គុំនៅទីតាំងដើម ផ្នែកខ្លះទៀតចាំបាច់ក៏ត្រូវប្រើថ្មថ្មីជំនួសដើម្បីភាពរឹងមាំឡើងវិញ។ បច្ចុប្បន្ននេះខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី មានភាពរឹងមាំ និងសោភ័ណភាព ដែលវង់ភក្ត្រកំពូលខ្លោងទ្វារញញឹមសារជាថ្មីដោយស្នាដៃកូនខ្មែរជំនាន់ថ្មីក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សុវត្ថិភាពទាំងសំណង់ប្រាសាទបុរាណ និងភ្ញៀវទេសចរ ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីហើយ ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមឡើងវិញ ដោយចំណាយរយៈពេលជិត៤ឆ្នាំ។ការងារជួសជុលខ្លោងទ្វារនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីររូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ រីឯដំណាក់កាលទី២ បានចាប់ផ្តើមពីឆ្នាំ២០២២ ដោយ អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង ដោយការជួសជុលនេះត្រូវរុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។
បើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាកន្លងមកបានឱ្យដឹងថា ក្រោយបញ្ចប់ការជួសជុល ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនឹងរឹងមាំឡើងវិញ ធានាបាននូវសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ចូលទស្សនាប្រាសាទតាមច្រកខាងលិចឡើងវិញ និងអាចចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ លើសពីនេះ ខ្លោងទ្វារនេះក៏បានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត៕
ដោយ៖ម៉ាដេប៉ូ