ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រកាន់ខ្ជាប់អត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស រក្សាភាពជាគំរូ ដោយឈរលើស្មារតី បម្រើប្រជាជនដោយស្មោះត្រង់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទវគ្កអប់រំនយោបាយរបស់គណបក្ស វគ្គទី១ ជូនសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា និងមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ជាស្នូល ជាមួយនឹងវិធានការគន្លឹះចំនួន៥ សំដៅជំរុញការកែទម្រង់ ក្នុងវិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំ វិស័យសុខាភិបាល ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ។
ឯកឧត្តម បន្ថែមថា ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការងារអាទិភាពចំនួន៣ នៃ ការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ រួមមាន៖ ១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី, ២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង ៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់សមាជិក សមាជិកាគណបក្សក្រសួងមុខងារសាធារណៈ បានបំពេញភារកិច្ចយ៉ាងស្រស្រាក់ស្រស្រាំ ក្នុងស្មារតីរួមចំណែក ក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ៕
ដោយ ៖ វណ្ណលុក