រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនីស្តង់ដាកូរ៉េ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក ដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្ម ជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់ផលិតកម្មជាកញ្ចប់របស់រោងចក្រ។
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគកូរ៉េ ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។
ក្រៅពីស្តាប់បទបង្ហាញ និងទស្សនកិច្ចសង្វាក់ផលិតកម្មក្នុងរោងចក្រ ឯកឧត្តម ហេង សួរ បានឆ្លៀតសួរសុខទុក្ខដល់និយោជិតដែលជាអតីតសិស្សបានបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលកំពុងបម្រើការនៅក្នុងរោងចក្រផងដែរ។
រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD)ត្រូវបានដាក់ឱ្យដំណើរការដំឡើងនៅឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន ១០០ទៅ ២០០គ្រឿងក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។
គួររំលឹកថានៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម៕
ដោយ ៖ ង៉ាន់ ទិត្យ