បណ្តុះបណ្តាលធនធានមនុស្ស ជាការចាំបាច់ពង្រឹងទំនាក់ទំនងអាមេរិក-វៀតណាម
ហាណូយ៖ កិច្ចសហប្រតិបត្តិការលើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព គឺជារឿងចាំបាច់ ក្នុងការចូលរួមជំរុញទំនាក់ទំនង រវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ឲ្យកាន់តែរឹងមាំ នេះបើតាមកាសែត Vietnamnews ចេញផ្សាយ កាលពីចុងសប្តាហ៍។
ប្រភពបានចុះផ្សាយអំពីជំនួប រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ទៅធ្វើទស្សនកិច្ចនៅវៀតណាម ដោយបានជួបនាយករដ្ឋមន្ត្រី Phạm Minh Chính។ «ពួកគេបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ដែលជាការផ្តោតសំខាន់ និងជាកម្លាំងជំរុញសម្រាប់ទំនាក់ទំនងទ្វេភាគី» នេះបើតាមប្រភពដដែល។
គួររម្លឹកដែរថា កាលពីខែមេសា ក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនអាមេរិក អឹន វីឌៀ ( Nvidia) បានចុះកិច្ចព្រមព្រៀងសំខាន់មួយ ក្នុងនោះ រួមមានទាំង សិស្ស និស្សិតវៀតណាម យ៉ាងតិច៣ម៉ឺននាក់ ទទួលឱកាសសិក្សា ជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ ពីកម្មវិធីរបស់ក្រុមហ៊ុនបន្ទះឈីប Nvidia ក្នុងរយៈពេល៥ឆ្នាំ៕
ប្រភពពី Vietnamnews ប្រែសម្រួល៖សារ៉ាត