ប្រេស៊ីលរកឃើញសារធាតុថ្នាំញៀន ក្នុងត្រីឆ្លាម
បរទេស៖ ការសិក្សាចុងក្រោយបង្អស់របស់ក្រុមអ្នកវិទ្យាសាស្ត្រ នៅប្រទេសប្រេស៊ីល នាពេលថ្មីៗនេះ បានបង្ហាញអំពីវត្តមានសារធាតុគ្រឿងញៀន កូកាអ៊ីន នៅក្នុងសត្វត្រីឆ្លាម ដែលងាប់។
អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានរកឃើញដាននៃកូកាអ៊ីន នៅក្នុងត្រីឆ្លាមព្រៃ ដោយបង្ហាញពីគ្រោះថ្នាក់ ពីការជួញដូរកូកាអ៊ីន ខុសច្បាប់ ដែលបង្កហានិភ័យធ្ងន់ធ្ងរ ដល់ជីវិត នៅក្នុងសមុទ្រ។ ត្រីឆ្លាម Mako Shortfin ប្រភេទនេះ ត្រូវបានចាប់ ដោយក្រុមនាវានេសាទ នៅឯតំបន់សមុទ្រ នៃទីក្រុង Rio de Janeiro ចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣។
ក្រៅពីកំណើនសកម្មភាពជួញដូរកូកាអ៊ីន ការកើនឡើងនៃសារធាតុពុលនៅសមុទ្រ និងមហាសមុទ្រ ក៏ជាក្តីកង្វល់របស់អន្តរជាតិ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ផងដែរ ហើយ ការគំរាមកំហែង មិនត្រឹមតែដល់សត្វសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់មនុស្សផងដែរ នេះបើតាមគេហទំព័រ wodne sprawy.pl ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត