ក្បួននាវាចម្បាំង ក្នុងទិវាកងទ័ពជើងទឹករុស្ស៊ី
មូស្គូ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានប្រារព្ធ ទិវាកងទ័ពជើងទឹក ប្រចាំឆ្នាំ
ជាមួយនឹងការបង្ហាញក្បួនដង្ហែក្រុមកប៉ាល់ចម្បាំង ជាច្រើនគ្រឿង នៅក្នុងទីក្រុង St Petersburg។
នៅឆ្នាំនេះ ក៏មានការចូលរួមពីបញ្ចូលកប៉ាល់ មកពីប្រទេសចិនផងដែរ ដែលជាការបង្ហាញពីកិច្ចសហប្រតិបត្តិការជើងទឹក ជាសាកល រវាងប្រទេសទាំងពីរ នេះបើតាម AFP ។ រីឯ កាសែត RT វិញ បានចុះផ្សាយថា ក្រៅពីចិន ក៏មាននាវាចម្បាំងឥណ្ឌា និងនាវារបស់ប្រទេស អាល់ហ្សេរី ផងដែរ។ ប្រភពបន្តថា កប៉ាល់ជាង២០០ គ្រឿង និងសម្ភារៈយោធាជាច្រើនផ្សេងទៀត បានចូលរួម ក្នុងក្បួនដង្ហែនេះ។
យោងតាមកាសែត The straits times បានចេញផ្សាយថា នៅពេលនោះ លោក ពូទីន បានថ្លែងព្រមានសហរដ្ឋអាមេរិក ចំពោះការផុងខ្លួននឹងវិបត្តិមីស៊ីល បែបសង្គ្រាមត្រជាក់។ លោក ពូទីន បាននិយាយអំពីមីស៊ីលបំពាក់ ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ជំនាន់ថ្មី នាពេលអនាគត ហើយព្រមានចាត់វិធានការជាកញ្ចក់ ដាក់ពង្រាយ ឆ្លើយតបនឹងសកម្មភាពរបស់អាមេរិកដែលពង្រាយផ្កាយរណបនៅអឺរ៉ុប និងក្នុងតំបន់ផ្សេងទៀត នៃពិភពលោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត