អត្រាជួលផ្ទះឯកជននៅសិង្ហបុរី ធ្លាក់ចុះចំនួនបីត្រីមាសជាប់ៗគ្នា
សិង្ហបុរី: ត្រឹម៦ខែដើមឆ្នាំ ការជួលផ្ទះឯកជននៅប្រទេសសិង្ហបុរី បានធ្លាក់ចុះចំនួនបីត្រីមាសជាប់ៗគ្នា ដោយធ្លាក់ចុះ ០.៨ភាគរយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤។
ការជួលផ្ទះឯកជននៅសិង្ហបុរី បានធ្លាក់ចុះចំនួនបីត្រីមាសជាប់ៗគ្នានេះកើតឡើង បន្ទាប់ពីការធ្លាក់ចុះ ១.៩ភាគរយនៅក្នុងត្រីមាសមុន និងធ្លាក់ចុះ ២.១ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងឡើងវិញ។
សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ ការជួលផ្ទះឯកជននៅសិង្ហបុរីសរុបបានធ្លាក់ចុះ ២.៧ភាគរយ ដែលផ្ទុយស្រឡះទៅនឹងកំណើនដ៏រឹងមាំ ១០.២ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ និង ១១.២ភាគរយសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
តម្លៃលំនៅដ្ឋានឯកជនបានកើនឡើងក្នុងល្បឿនយឺតជាង ០.៩ភាគរយ បើធៀបនឹងការកើនឡើង ១.៤ភាគរយនៅក្នុងត្រីមាសមុន។ រីឯតម្លៃអចលនទ្រព្យបានកើនឡើង ១.៩ភាគរយនៅក្នុងត្រីមាសទីពីរ ដែលជាកម្រិតមធ្យម បើធៀបនឹងការកើនឡើង ២.៦ភាគរយនៅក្នុងត្រីមាសមុន៕
ប្រភព: CNA ប្រែសម្រួលដោយ: ឈឹម ទីណា