ក្រុមនិសិត្សបង់ក្លាដែសនឹងបញ្ឈប់ការតវ៉ា បើសិនមេដឹកនាំខ្លួនត្រូវបានដោះលែង
ដាកា៖ ក្រុមនិស្សិតបង់ក្លាដែស កាលពីថ្ងៃអាទិត្យ បានសន្យាប្រមូលផ្តុំគ្នាធ្វើបាតុកម្មសាជាថ្មី ទោះជាត្រូវប្រឈមមុខនឹងការបង្រ្កាបដ៏សាហាវរបស់ប៉ូលិស និងភាពចលាចលទូទាំងប្រទេស លុះត្រាតែមេដឹកនាំមួយចំនួនរបស់ពួកគេត្រូវបានដោះលែងពីការឃុំឃាំង។
សមាជិកក្រុមនិស្សិតបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រធានក្រុមនិសិ្សត លោក Nahid Islam និងអ្នកផ្សេងទៀតគួរតែត្រូវបានដោះលែង ហើយករណីប្រឆាំងនឹងពួកគេត្រូវតែដកចេញ។ បន្ថែមលើនេះ ពួកគេថែមទាំងបានទាមទារឱ្យចាត់វិធានការប្រឆាំងនឹងរដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្រ្តីប៉ូលីសទាំងឡាយណា ដែលទទួលខុសត្រូវចំពោះការស្លាប់របស់ក្រុមបាតុករ។
បើមិនដូច្នេះទេ ក្រុមនិស្សិតប្រឆាំងនឹងការរើសអើង នឹងត្រូវបង្ខំឱ្យចាប់ផ្តើមការតវ៉ាដ៏តឹងតែងចាប់ពីថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា អាជ្ញាធរបង់ក្លាដែសបានចាប់ខ្លួនមនុស្សកើនឡើងជាង ២,៥០០នាក់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ២០៥នាក់ហើយបានស្លាប់ រួមទាំងមន្រ្តីប៉ូលីសជាច្រើននាក់ បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងកូតាការងារកាលពីពេលថ្មីៗនេះ។
ក្រោយមកតុលាការកំពូលបានបង្គាប់ឱ្យនិស្សិតបញ្ឈប់សកម្មភាពតវ៉ា និងបានយល់ព្រមបញ្ចុះកូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋពី ៥៦ភាគរយ មកនៅត្រឹម ៧ភាគរយ សម្រាប់កូនចៅរបស់អ្នកនយោបាយ ដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឯករាជ្យឱ្យប្រទេសជាតិ។ បច្ចុប្បន្នកន្លែងការងារសម្រាប់ក្របខណ្ឌមន្ត្រីរដ្ឋការមានចំនួន ៩៣ភាគរយ ដែលបើកចំហសម្រាប់ពលរដ្ឋបង់ក្លាដែសទូទៅដែលមានសមត្ថភាព៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា