លោក ពូទីន គំរាមផលិតអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យមឡើងវិញ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យមឡើងវិញ ប្រសិនបើអាមេរិកដាក់ពង្រាយមីស៊ីលនៅលើទឹកដីអាល្លឺម៉ង់ ឬប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។
នៅក្នុងសុន្ទរកថាអបអរទិវាកងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃអាទិត្យ លោក ពូទីន បានគូសបញ្ជាក់ថា ប្រសិនបើអាមេរិកអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីអាល្លឺម៉ង់ ឬទីតាំងផ្សេងទៀត នោះយើងនឹងចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម និងជិតឡើងវិញ។ ឥឡូវនេះ នៅក្នុងប្រទេសរុស្ស៊ី ការអភិវឌ្ឍប្រព័ន្ធសព្វាវុធបែបនេះជាច្រើន គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានចោទប្រកាន់អាមេរិកពីការដុតបញ្ឆេះភាពតានតឹងឲ្យកាន់តែក្តៅ ហើយថា រុស្ស៊ីនឹងចាត់វិធានការសងសឹកចំពោះដាក់ពង្រាយនេះ ហើយឲ្យអាមេរិក និងបក្សពួករបស់ខ្លួននៅអឺរ៉ុប និងក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ទទួលខុសត្រូវចំពោះសកម្មភាពបែបនេះ។
ការអះអាងបែបនេះរបស់លោក ពូទីន កើតឡើងបន្ទាប់ពីអាមេរិក និងអាល្លឺម៉ង់បានប្រកាសកាលពីដើមខែកក្កដាថា ការដាក់ពង្រាយជាដំណាក់កាល នៃមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក រួមទាំងមីស៊ីល Tomahawk ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។
មីស៊ីលដែលលោក ពូទីន លើកឡើងនេះ អាចវាយប្រហារបានចម្ងាយពី ៥០០ ទៅ ៥,៥០០គីឡូម៉ែត្រ គឺជាកម្មវត្ថុនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ ដែលបានចុះហត្ថលេខាដោយអាមេរិក និងសហភាពសូវៀតក្នុងឆ្នាំ ១៩៨៧។
ប៉ុន្តែទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមក្នុងឆ្នាំ ២០១៩ ដោយភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពាន។ រុស្ស៊ីបាននិយាយជាបន្តបន្ទាប់ថា ខ្លួននឹងមិនចាប់ផ្តើមផលិតមីស៊ីលបែបនេះឡើងវិញទេ លុះត្រាតែអាមេរិកមិនដាក់ពង្រាយមីស៊ីលនៅក្រៅប្រទេសពួកគេ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា