អ្នកនាំពាក្យក្រសួងការពារជាតិ៖ប្រទះឃើញឧទ្ធម្ភាគចក្រដែល បាត់ តាមរយៈការមើលពីលើអាកាស

ភ្នំពេញ៖ឧទ្ធម្ភាគចក្រយោធាដែលបាត់ការទាក់ទងរយៈពេល ១៧ថ្ងៃ គឺមានសង្ស័យនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។នេះតាមការមើលពីលើអាកាស បន្ទាប់ពីអាកាសធាតុល្អបន្តិច។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាន ជូនដំណឹងបឋមនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤លើបណ្ដាញ​សង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ” បន្ទាប់ពីបើកប្រតិ​បត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុម​ប្រតិបត្តិការរុករកបានប្រទះ​ឃើញ​ឧទ្ធម្ភាគចក្រ ដែលបានបាត់​ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបាន ប្រទះឃើញពី​លើ​អាកាសនៅចំណុចភ្នំ​យ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផលខណៈ​ពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ”។

សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពី​ល្ងាចថ្ងៃទី១២ ខែកក្កដា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា នេះ មានរយៈពេល ១៧ថ្ងៃហើយ ។ដោយមានការយកចិត្តទុកដាក់ពី​សំណាក់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង។

ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទីព្រឹកនិងមកដល់វិញនៅម៉ោង១៤និ០០ នាទីថ្ងៃដដែល ប៉ុន្តែបាន​បាត់​ការទាក់ទងកាលពីល្ងាចថ្ងៃដដែល។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាស​យានិក។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់​ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាស​ធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី ៕


ដោយ៖ពលជ័យ

ads banner