វៀតណាមក្លាយជាអ្នកផ្គត់ផ្គង់កាហ្វេធំបំផុតទីពីររបស់ចក្រភពអង់គ្លេស
ឡុងដ៍៖ ក្រៅពីស្រូវ និងផលិតផលជលផល វៀតណាមនៅពេលនេះបានក្លាយជាអ្នកផ្គត់ផ្គង់ កាហ្វេ ធំបំផុតទី២ របស់ចក្រភពអង់គ្លេសថែមទៀត។ តម្លៃជាមធ្យមនៃការនាំចេញកាហ្វេវៀតណាមទៅកាន់ប្រទេសអង់គ្លេស ក្នុងឆមាសទីមួយ ឆ្នាំ២០២៤ ឈានដល់ជិត ៤ពាន់ដុល្លារក្នុងមួយតោន កើនឡើង ជិត ៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយបានឱ្យដឹងថា ការនាំចេញកាហ្វេរបស់វៀតណាមទៅកាន់ទីផ្សារអង់គ្លេស ក្នុងខែមិថុនា ឆ្នាំ២០២៤ មានចំនួនសរុបជាង២ពាន់តោន គិតជាទឹកប្រាក់ជាង៩លានដុល្លារ ធ្លាក់ចុះ ៤៤.៦ ភាគរយគិតជាបរិមាណ និង ១៧.៥ ភាគរយគិតជាតម្លៃ បើធៀបនឹងខែមិថុនា ឆ្នាំ២០២៣។
អង់គ្លេសនាំចូលកាហ្វេពីប្រទេសចំនួន៩៤ និងតំបន់ជុំវិញពិភពលោក។ ក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេចម្បងទៅកាន់ទីផ្សារអង់គ្លេស រួមមានប្រេស៊ីល វៀតណាម អាល្លឺម៉ង់ អ៊ីតាលី និងកូឡុំប៊ី។
យោងតាមស្ថិតិពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ អង់គ្លេសបាននាំចូលកាហ្វេពីពិភពលោកមានចំនួន ៩៤ពាន់តោន មានតម្លៃ ៥៥៣លានដុល្លារ។
ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា