Apple ជ្រុះចេញពីបញ្ជីម៉ាកស្មាតហ្វូនលក់ដាច់បំផុត
ប៉េកាំង៖ ជាលើកដំបូងក្នុងពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន Apple បានជ្រុះចេញពីបញ្ជីម៉ាកស្មាតហ្វូនដែលលក់ដាច់បំផុតទាំង៥ នៅក្នុងទីផ្សារប្រទេសចិន ក្នុងត្រីមាសទីពីរ ឆ្នាំ២០២៤។
ម៉ាកយីហោក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានធ្លាក់ចំណាត់ថ្នាក់មកទី៦ ជាមួយនឹងចំណែកទីផ្សារចំនួន ១៤ភាគរយនៅប្រទេសចិន។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី Canalys។
ស្មាតហ្វូនម៉ាក Vivo បានកាន់កាប់តំណែងកំពូលវិញ ដោយកាន់កាប់ចំណែកទីផ្សារ ១៩ភាគរយ បន្ទាប់មកគឺម៉ាក Oppo, Honor, Huawei និង Xiaomi ដែលម៉ាកទាំងនេះបានវ៉ាដាច់ Apple។
អ្នកវិភាគនៅក្រុមហ៊ុន Canalys លោក Lucas Zhong បាននិយាយថា នេះជាត្រីមាសប្រវត្តិសាស្ត្រ ដែលក្រុមហ៊ុនស្មាតហ្វូនក្នុងស្រុកចិន បានគ្រប់គ្រងតំណែងកំពូលទាំង៥។ លោក Zhong បន្តថា ការរត់ប្រណាំងនាពេលខាងមុខ នឹងផ្តោតសំខាន់លើការទទួលយកបច្ចេកវិទ្យា AI នៅក្នុងស្មាតហ្វូន។
ជាក់ស្តែង ម៉ាកយីហោក្នុងស្រុកមានដូចជា Huawei, Honor, Oppo និង Vivo កំពុងនាំមុខគេ ក្នុងការដាក់បញ្ចូលបច្ចេកវិទ្យាដូចជា GenAI ទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ។ យោងតាមទិន្នន័យរបស់ Canalys បានបង្ហាញថា ទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន បានកើនឡើងចំនួន ១០ភាគរយ ដល់ ៧០លានគ្រឿងនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៤៕
ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា