ជំនន់ទឹកស្ទឹងសង្កែជន់ឡើងខ្ពស់ រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យប្រុងប្រយ័ត្ន
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាស្រុកនានាជាប់នៅតាមបណ្តោយស្ទឹងសង្កែ ទាំងផ្នែកខាងលើនិងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្ននិងត្រៀមទុកជាមុនពីហានិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយ ខណៈទឹកស្ទឹងសង្កែកំពុងតែហក់ឡើងខ្ពស់ ហើយបង្កឱ្យមានផលប៉ះពាល់ខ្លះៗដោយលិចលង់តំបន់មួយចំនួន ក្នុងខេត្ត។
គិតត្រឹមវេលាម៉ោង១១ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ជំនន់ជាលើកទី២នៃទឹកស្ទឹងសង្កែស្ថិតនៅចំណុចគល់ស្ពានសម្ដេចតេជោ បានហក់ឡើងដល់កម្ពស់ ១៣.៧០ម៉ែត្រដែលនេះគឺជាកម្រិតកម្ពស់ទឹកត្រូវមានការប្រុងប្រយ័ត្ន។កម្រិតទឹកដែលអាជ្ញាធរខេត្តបាត់ដំបងត្រូវប្រកាសអាសន្ន គឺស្ថានភាពទឹកដែលមានកម្ពស់ ១៤,៥០ម៉ែត្រ។
ខណៈនេះទឹកស្ទឹងសង្កែ បានហូរតាមលូ ចូលទៅផ្នែកទំនាបខ្លះ ក្នុងក្រុងបាត់ដំបង បណ្ដាលឱ្យតំបន់ផ្សារបឹងឈូកនិង
តំបន់មួយចំនួនទៀតរងការលិចលង់ខ្លះៗ។ក្រៅពីក្រុងបាត់ដំបង តំបន់ជាប់មាត់ស្ទឹងសង្កែ ផ្នែកខាងលើក្នុងភូមិសាស្រ្តស្រុកបាណន់ ។ពិសេសផ្នែកខាងក្រោមនៃស្រុកឯកភ្នំ ដែលជាស្រុកទំនាបជាងគេ បានរងការលិចលង់ តាមដងផ្លូវ ផ្ទះសម្បែង សាលារៀន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមបណ្តាឃុំនានា មួយចំនួនក្នុងស្រុក។
មុនជំនន់ទឹកស្ទឹងសង្កែជន់ហក់ឡើង រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ពាក់ព័ន្ធជាប់ស្ទឹងសង្កែ នៃស្រុកសំឡូត បាណន៎ សង្កែ ក្រុងបាត់ដំបង និង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ព
ស់ ខណៈទឹកស្ទឹងសង្កែហក់ឡើងខ្ពស់បណ្ដាលឱ្យតំបន់មួយចំនួននៅក្នុងក្រុងបាត់ដំបង និងក្នុងភូមិសាស្រ្តស្រុកជាប់ស្ទឹងសង្កែកំពុងទទួលរងនូវការលិចលង់ ជាបន្តបន្ទាប់។
ពាក់ព័ន្ធពីស្ថានភាពជំនន់ទឹកភ្លៀងនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចេញសេចក្ដីជូនដំណឹងស្ដីពីការត្រៀមបង្ការជំនន់ទឹកភ្លៀង ក្នុងខេត្តដោយបានប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធនិងក្រើនរំលឹកអំពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ
រដ្ឋបាលខេត្តបានក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងខេត្តពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹងសង្កែនិងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់ នូវ សម្ភារៈឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវនិងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន និងត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន ផ្ទាល់របស់ខ្លួនក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។
ទន្ទឹមគ្នានេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធខាងលើត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំ ទីទួលសុវត្ថិភាពឱ្យបានសមរម្យដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយទឹកជំ
នន់កើតឡើង។ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ លើបញ្ហាសុខភាពអនាម័យដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។
ក្នុងសេចក្តីអំពាវនាវនោះ ក៏បានណែនាំ និង ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់និងត្រៀមបង្ការជាមុន ដើម្បីឆ្លើយតបក្នុងករណីដែលកើតមានគ្រោះមហន្តរាយកើតឡើង និង ឲ្យបានទាន់ពេលវេលា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.