លោក ម៉ាឌូរ៉ូ ឈ្នះការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡាសាជាថ្មី ខណៈគណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផល

ការ៉ាកាស់៖ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសទទួលជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ប៉ុន្តែគណបក្សប្រឆាំង និងប្រទេសជិតខាងសំខាន់ៗក្នុងតំបន់ បានច្រានចោលលទ្ធផលផ្លូវការភ្លាមៗ។

លោក ម៉ាឌូរ៉ូ បានឈ្នះការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡាសាជាថ្មី ជាមួយនឹងសម្លេងឆ្នោត ៥១.២ភាគរយ ខណៈដែលបេក្ខជនមកពីគណបក្សប្រឆាំង លោក អេដម៉ុនដូ ហ្គនសាឡេស អ៊ូរូធៀ ទទួលបានសម្លេងឆ្នោត ៤៤.២ភាគរយ នេះបើយោងតាមក្រុមប្រឹក្សារៀបចំការបោះឆ្នោត (CNE)។

លោក ម៉ាឌូរ៉ូ វ័យ ៦១ឆ្នាំបានថ្លែងសុន្ទរកថាអបអរសាទរទៅកាន់អ្នកគាំទ្រនៅឯវិមានប្រធានាធិបតី ប៉ុន្មាននាទីបន្ទាប់ពីការប្រកាសលទ្ធផលឆ្នោត។ លោក ម៉ាឌូរ៉ូ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំអាចប្រាប់បានថា នៅចំពោះមុខប្រជាជនវេណេស៊ុយអេឡា និងពិភពលោក ខ្ញុំនីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងយុត្តិធម៌ ហើយគោរពតាមច្បាប់។

គណៈកម្មការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា បានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដោយលោក ម៉ាឌូរ៉ូ បានបន្តជាប់ឆ្នោតសាជាថ្មី។ វាជាអាណត្តិទី៣ហើយ សម្រាប់លោក ម៉ាឌូរ៉ូ ដែលមានវ័យ៦១ឆ្នាំ បន្ទាប់ពីរូបលោកបានឡើងកាន់អំណាចដំបូងកាលពីឆ្នាំ២០១៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner