សហគមន៍តំបន់ការពារធម្មជាតិដែលនាំគ្នា ផលិតសម្ភារៈប្រពៃណី ធ្វើអំពីអនុផល ព្រៃ ឈើ កំពុងស្វះស្វែងរកទីផ្សារបន្ថែម
(ភ្នំពេញ)៖ ដើម្បីស្វះស្វែងរកប្រាក់ចំណូល និងក៏ដូចជាថែរក្សានូវសម្ភារៈប្រពៃណីរបស់ដូនតាខ្មែរតាំងតែពីបុរាណកាលមកក្រុមសហគមន៍តំបន់ការពារធម្មជាតិ មួយចំនួនកំពុងនាំគ្នាផលិតសម្ផារៈប្រើប្រាស់ទាំងបុរាណ និង សម័យសម្រាប់លក់ទៅឱ្យភ្ញៀវទេសចរ ក៏ដូចជាការលក់ក្នុងទីផ្សារក្នុងស្រុក និងមួយផ្នែកនាំទៅលក់នៅបរទេស។
ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃនោះទេ ប៉ុន្តក៏បានជំរុញឱ្យពួកគាត់បានអភិរក្សមុខរបរប្រជាសហគមន៍ អភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ ទៀតផង ។
លោក មាស ហឿ ប្រធានសហគមន៍សង្កែ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថាលោកតែងចូលរួមរាល់សកម្មភាពការតាំងពិព័រណ៍នានាមិនថា ប្រចាំថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិទេពោលគឹឱ្យតែមានការរៀបចំជួបជុំលោកតែងចូលរួមជានិច្ច។ ក្នុងនេះលោកក៏តែងនាំយកសម្ភារៈប្រើប្រាស់ផ្សេងៗដែលបងប្អូនសហគមន៍បានផលិត ដូចជា ចង្កឹះ វែក ដាវ ឈើច្រត់ ទឹកឃ្មុំ ជាដើម មកដាក់តាំងបង្ហាញ និងលក់ជាប់ជានិច្ច ។
លោកបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននេះ មានសហគមន៍ចំនួន៤ ដូចជា ៖ សហគមន៍សង្កែ សហគមន៍ឆែបលិច សហគមន៍ឆែបកើត និងសហគមន៍ឆែបក្រសាំងនៅខេត្តព្រះវិហារ បាននិងកំពុងមមាញឹក ផលិតរបស់ប្រើប្រាស់ ចេញពីដើមទ្រាំង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ។ពេលនេះសហគមន៍ទាំងអស់កំពុងស្វែងរកទីផ្សារបន្ថែមទាំងក្នុងស្រុក និងលក់ទៅបរទេសផង។
លោកបានប្រាប់ជុំវិញបញ្ហានេះថា”សហគមន៍កែច្នៃទាំងអស់បានខិតខំរកទីផ្សារ ។ ប្រជាសហគមន៍គាត់បានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្នុងការរកចំណូលរបស់ពួកគាត់”។
លោកបានប្រាប់ដែរថា”នៅសហគមន៍របស់ខ្ញុំមានចំនួនជាង២០០គ្រួសារភាគច្រើនជាអ្នកប្រកបរបរកសិករ និងកសិកម្ម។ក្នុងឆ្នាំ២០២៣កន្លងមកសហគមន៍របស់ខ្ញុំ អាចរកប្រាក់ចំណូលពីការកែច្នៃដើមទ្រាំងបានជាង១៦លានរៀល”។
ដោយឡែក លោក ស្វាយ ទូច ប្រធានសហគមន៍ព្រៃឈើព្រៃហ៊ុ ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ បានឱ្យដឹងថា៖ក្នុងចំណោមប្រជាសហគមន៍ទាំងជាង ២០គ្រួសារក្នុងសហគមន៍របស់លោកបានកែច្នៃដើមល្ពាក់សម្រាប់ធ្វើជាកន្រ្តក ជាល កញ្ច្រែង កញ្ជើ កញ្ឆេ រង្វេលឆ្នាំង សម្រាប់លក់លើទីផ្សារ។សហគមន៍មួយនេះទើបតែចាប់ផ្តើមធ្វើសម្ភារៈទាំងនេះដើម្បីលក់លើទីផ្សារ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលឱ្យដល់ប្រជាសហគមន៍។
លោកបានប្រាប់ថា”ពួកខ្ញុំមានអ្នកជំនាញគេមកបង្ហាត់បង្រៀនឱ្យរៀនធ្វើសម្ភារៈទាំងនេះលក់ឃើញថាដំណើរការល្អប្រសើរ។ខ្ញុំកំពង់ស្វែងរកទីផ្សារដល់បងប្អូនសហគមន៍ដើម្បីឱ្យគាត់ធ្វើរួចអាចលក់បានប្រាក់កម្រៃសម្រាប់គ្រួសារ”។
អ្នកស្រី ខូយ វាសនា អនុប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ស្ថិតនៅភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងដែរថា សហគមន៍អ្នកស្រីទើបតែនាំគ្នាធ្វើការកែច្នៃសម្ភារៈ និងឧបករណ៍ប្រើប្រាស់បានប៉ុន្មានខែមុនេះប៉ុណ្ណោះ តែពេលនេះអាចរកចំណូលបណ្តើរៗហើយក្នុងនេះប្រជាសហគមន៍ម្នាក់គាត់អាចរកចំណូលពីការលក់សម្ភារៈបានពី ៥ពាន់ទៅ ១ម៉ឺនរៀលដែរក្នុងមួយថ្ងៃ ។
អ្នកស្រីបានឱ្យដឹងជុំវិញបញ្ហានេះថា៖”ក្នុងសហគមន៍ខ្ញុំមានពលរដ្ឋ១៥គ្រួសារបានកែច្នៃដើមល្ពាក់មកធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ដាក់លក់លើទីផ្សារ។ពេលនេះបានដំណើរការល្អប្រសើរហើយគ និងពួកខ្ញុំកំពង់រកទីផ្សារ បើដំណើរការល្អនឹងនាំគ្នាផលិតឱ្យបានច្រើនជាងនេះបន្ថែមទៀត”។
គួរបញ្ជាក់ថាបើតាមក្រសួងបរិស្ថានបានឱ្យដឹងថា មុខរបរកែច្នៃអនុផលព្រៃឈើនេះជាផ្នែកមួយសំខាន់ផងដែរក្រៅអំពីធ្វើស្រែចំការសម្រាប់ផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងការផ្គត់ផ្គង់ជីវភាព ។ ក្រៅពីនេះវាក៏ជាមុខរបរមួយមាននិរន្តភាពដើម្បីផ្តាច់ខ្លួនចេញពីការពឹងផ្អែកទៅលើធនធានធម្មជាតិ ដោយពួកគាត់មិនត្រូវកាប់ព្រៃឈើ បរបាញ់សត្វ ការទន្ទ្រានដីខុសច្បាប់ ហើយមកប្រកបរបរថ្មីដែលជារបរមួយរឹងមាំអាចរកចំណូលចិញ្ចឹមគ្រួសារ ៕
ដោយ ៖ ម៉ាដេប៉ូ