អគ្គស្នងការនគរបាលជាតិដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់យកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញសុខសន្ដិភាព
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញសុខសន្ដិភាព ហើយត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ ការដាក់បទបញ្ជានេះ ក្នុងពិធីប្រកាសចូលកាន់តំណែងជាស្នងការនគរបាលថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យយកចិត្តទុកដាក់បទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើសមិនប្រពៃណី ខណៈបទល្មើសនេះក៏ជាក្ដីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅមូលដ្ឋានតែម្ដងដែលការយល់ដឹងនៅមានកម្រិត, បទល្មើសគ្រឿងញៀន ចោរកម្ម ក្មេងទំនើង, គ្រោះថ្នាក់ចរាចរណ៍ជាដើម។ មន្រ្តីនគរបាលមិនត្រូវរំលោភលើតួនាទីភារកិច្ច ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ឡើយ។
អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ៕
ដោយ៖ពលជ័យ



