ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថ្មី ចូលកាន់តំណែងជាមួយការប្តេជ្ញាប្រាំពីរចំណុច
កំពង់ធំ៖លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការដ្ឋានគរបាលខេត្តកំពង់ធំថ្មីបានធ្វើការប្ដេជ្ញាចិត្តចំនួនប្រាំពីរចំណុច ដែលក្នុង
នេះ ការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ បានស្ថិតនៅចំណុចចម្បង។
ក្នុងពិធីប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ,ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងមន្រ្តីចូលរួមលោកឧត្តមសេនីយ៍ត្រី ហេង សុផល បានប្ដេជ្ញាចិត្តថា ១.ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ,២.ការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្ដ្រ និងចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវគ្រប់កម្មវិធីនៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា,ទី៣.គោរព និងអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា បទវិន័យនគរបាលជាតិកម្ពុជា និងគោលការណ៍នានារបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់។
លោកបន្តថា ទី៤ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ រួមសុខរួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ទី៥. តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងបណ្តាអង្គភាពចំណុះស្នងការដ្ឋាន ឱ្យស័ក្តិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋ,ទី៦. បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ក៏ដូចជាខេត្តជាប់ព្រំប្រទល់ និងខេត្តកំពង់ធំ ដើម្បីការពារសន្តិភាព ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនិងទី៧. លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព» ដោយខិតខំជំរុញការផ្តល់សេវាតម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋដោយភក្តីភាព និងមានតម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងការជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ហេង សុផល មុនចូលកាន់តំណែងលោកមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលផែនសន្ដិសុខ។ដោយឡែកលោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតស្នងការត្រូវបានផ្ទេរភារកិច្ចទៅកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ៕
ដោយ៖ ប៊ុន រដ្ឋា