សម្តេចតេជោ៖ ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ?
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា សម្តេចសូមយកផេកផ្លូវការរបស់សម្តេចជួយបង្ហោះសំដីក្មួយស្រី នៃបក្សប្រឆាំងម្នាក់ដែលបានលើកឡើងថា រាជរដ្ឋាភិបាលបានប្រគល់ខេត្តឧត្តរមានជ័យ ទៅឱ្យវៀតណាមហើយ។
សម្តេចតេជោបន្តថា តើប្រជាជននៅខេត្តឧត្តរមានជ័យនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយរួមយល់យ៉ាងណាដែរនូវការភូតកុហកបោកប្រាស់បែបនេះ? តើវាហួសហេតុពេកឬទេ?
សម្តេចតេជោបានបន្តថា មួយរយៈមកនេះ គេចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ដី ៤ខេត្ត មានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគីរី ទៅវៀតណាម។ ដល់ពេលនេះ ចេញឧត្តរមានជ័យ អាចថ្ងៃស្អែកមានខេត្តផ្សេង ឬទូទាំងប្រទេសក៏មិនដឹង ព្រោះជាវិធីសាស្ត្របង្កចលាចលរបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ? សូមពួកអ្នកកុំភ្លេចថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅកម្ពុជា ក៏មានភ្នែក មានត្រចៀកនិងចេះគិតលើសពួកអ្នកទៅទៀត៕
ដោយ៖ពលជ័យ