វត្តមានរដ្ឋមន្រ្តីក្រសួងការងារនៅខេត្តកំពង់ស្ពឺ បានផ្សព្វផ្សាយ​ការងារសំខាន់ៗជាច្រើន

កំពង់ស្ពឺ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកម្មវិធី​ផ្សព្វផ្សាយស្ដីពី“ការអនុវត្តរបបសន្តិសុខសង្គម​ផ្នែកថែទាំ​សុខភាព​តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុក សមាជិក​ប.ស.ស.ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ”ដែលកម្មពិធីនេះរៀបចំងនៅក្នុង សាលាខេត្តកំពង់​ស្ពឺកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះដោយផ្ទាល់​បានពន្យល់​លំអិត​អំពី​ការ​អនុវត្ត​របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគ​ទានដោយស្ម័គ្រចិត្ត ។ឯកឧត្តមគូសរំលេចថា ដោយឡែក បុគ្គល​ស្វ័យនិយោជន៍ជាស្ត្រីដែលបង់ភាគទានបានប្រាំបួនខែជាប់ៗគ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាព​នៅពេលសម្រាល​កូន និងវិភាជន៍ប្រាក់បូជាសពនៅពេលពួកគាត់ទទួលមរណភាព។

ឯកឧត្តមបន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន​មកពី​គ្រួសារ​ក្រីក្រនិង​គ្រួសារ​ងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់​ក្នុងរយៈពេល៥ឆ្នាំ កម្រិតសញ្ញាបត្របច្ចេក​ទេសនិង​វិជ្ជាជីវៈ១។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះនិងទទួលបានការបណ្ដុះ​បណ្ដាល​នៅតាមបណ្ដា​គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ដោយ​មិនបង់ថ្លៃ​សិក្សានិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ដោយឡែកយុវជននានារួមទាំង​បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ និយោជិត ក៏អាច​ចូលរៀនក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈនិងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញ​មួយពិត​ប្រាកដ។

សូមជម្រាបថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ជាង៤០០កន្លែងនិងមានកម្មករ និយោជិតជាង១៧ម៉ឺននាក់។ ក្នុងនោះនៅមិនទាន់បានគិតដល់ការដ្ឋានផ្សេងៗផង៕

អត្ថបទនិងរូបភាព៖ម៉ុន សំអាត

ads banner