BMW ខាតធ្ងន់ ដោយសារការលក់ឡាននៅចិនធ្លាក់ចុះខ្លាំង
ប៊ែរឡាំង៖ ក្រុមហ៊ុនផលិតឡានប្រណិតរបស់អាល្លឺម៉ង់ BMW កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធ នៅត្រីមាសទី២ ឆ្នាំ២០២៤ ដោយសារថ្លៃដើមផលិតកម្មខ្ពស់ និងការធ្លាក់ចុះតម្រូវការនៅក្នុងទីផ្សារប្រទេសចិន។
ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន BMW ដែលរួមបញ្ចូលម៉ាក Rolls-Royce និង Mini ផងដែរ បានធ្លាក់ចុះ ៨.៦ភាគរយ មានត្រឹម ២.៩ពាន់លានដុល្លារ នៅចន្លោះខែមេសា និងខែមិថុនា ដោយប្រាក់ចំណូលធ្លាក់ចុះ ០.៧ភាគរយ ដល់ជិត ៤០ពាន់លានដុល្លារ។
ការចែកចាយឡានរបស់ BMW បានធ្លាក់ចុះ ១.៣ភាគរយ មកនៅត្រឹម ៦១៨.៧៤៣គ្រឿង ខណៈដែលការដឹកជញ្ជូនឡានទៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះ ៤.៧ភាគរយ ចំពេលកើនឡើងការប្រកួតប្រជែងពីម៉ាកក្នុងស្រុករបស់ចិន កំពុងវាយលុកក្រុមហ៊ុនផលិតឡានអឺរ៉ុបយ៉ាងគំហុក។
ក្រុមហ៊ុន BMW បាននិយាយថា ការចំណាយលើផលិតកម្ម និងបុគ្គលិកខ្ពស់ បូករួមទាំងការចំណាយលើគម្រោងព័ត៌មានវិទ្យា (IT) គឺជាផ្នែកមួយប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ ក្រុមហ៊ុន BMW បានរំពឹងថា ស្ថានភាពសេដ្ឋកិច្ចនឹងចាប់ផ្តើមមានស្ថិរភាពឡើងវិញនៅក្នុងប្រទេសចិន នៅត្រីមាសទី៣ ឆ្នាំ២០២៤។
សម្រាប់ថ្ងៃអនាគត ក្រុមហ៊ុន BMW បានរំពឹងថា ខ្លួននឹងមើលឃើញកំណើនតិចតួចនៅក្នុងការចែកចាយឡានសរុបនៅក្នុងឆ្នាំ ២០២៤ ដោយសារតែតម្រូវការឡានលំដាប់ខ្ពស់ និងការបញ្ចេញឡានម៉ូដែលថ្មីៗ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា