អាមេរិកទទូចឱ្យភាគីពាក់ព័ន្ធនៅមជ្ឈិបូព៌ាឈប់បង្កើនសកម្មភាពតានតឹង

វ៉ាស៊ីនតោន៖ ប្រមុខការទូតអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យគ្រប់ភាគីនៅមជ្ឈិមបូព៌ា ឈប់បង្កើនសកម្មភាពតានតឹង និងព្យាយាមសម្រេចឱ្យបាននូវបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវទៅកាន់គ្រប់ភាគីពាក់ព័ន្ធនៅមជ្ឈិមបូព៌ា ឱ្យឈប់បង្កើនសកម្មភាពតានតឹង ហើយបង្កើតបទឈប់បាញ់នៅហ្គាហ្សា បន្ទាប់ពីមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសត្រូវបានសម្លាប់នៅទីក្រុងតេហេរ៉ង់ ហើយអ៊ីរ៉ង់បានចោទប្រកាន់លើអ៊ីស្រាអែល។

ថ្លែងពីរដ្ឋធានីរបស់ម៉ុងហ្គោលី លោក Blinken បានព្រមានថា តំបន់មជ្ឈិមបូព៌ាគឺស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកជម្លោះកាន់តែធំ, អំពើហិង្សាកាន់តែច្រើន, ការឈឺចាប់កាន់តែច្រើន និងអសន្តិសុខកាន់តែខ្លាំង ហើយវាមានសារៈសំខាន់ណាស់ដែលយើងត្រូវបំបែកវដ្តនេះ។

ការវាយប្រហារតាមផ្លូវអាកាសដែលបានសម្លាប់ មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអ៊ីស្រាអែលបានអះអាថា ខ្លួនបានសម្លាប់មេទ័ពកំពូល Hezbollah នៅក្នុងការវាយប្រហារសងសឹកទៅលើរដ្ឋធានីបេរូ របស់ប្រទេសលីបង់។

ការវាយប្រហារនេះដែរបានកើតឡើងនៅពេលដែលភាពតានតឹងក្នុងតំបន់បានផ្ទុះឡើង ដោយសារតែសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា ដែលបានអូសទាញក្រុមសកម្មប្រយុទ្ធនានា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី លីបង់ អ៊ីរ៉ាក់ និងយេម៉ែន អោយចូលរួមប្រឆាំងនឹងអ៊ីស្រាអែល៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner