ឯកឧត្តម លីកុសល ជំរុញឱ្យកីឡាករខិតខំហ្វឹកហាត់ ដើម្បីឈ្នះមេដាយមាស​នៅអន្តរជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ បន្ទាប់ពីមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងជ្រើសរើសបាន​ក្បាល​ម៉ាស៊ីន ដឹកនាំសម្រាប់អាណត្តិទី៨ ដែលជាអាណត្តិថ្មីនោះ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អមដោយ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធ រួមនិងគណៈកម្មការហ្វឹកហ្វឺន​បណ្តុះបណ្តាលរបស់សហព័ន្ធ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ កីឡាករ​ជម្រើសជាតិ និងកីឡាករបម្រុង លោកគ្រូ អ្នកគ្រូបង្វឹកជម្រើសជាតិ ដែល​កំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតវាយសីថ្នាក់ជាតិ និងអន្តរជាតិនានា កាលពី​ល្ងាច​ថ្ងៃទី០១ ខែ សីហា នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់អាណត្តិទី៨នេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានដាក់ចេញនូវ​ផែនការ​យុទ្ធសាស្រ្ត ដណ្តើមឱ្យបានមេដាយកម្រិតខ្ពស់ជូនកម្ពុជាច្រើនគ្រឿងបន្ថែមទៀត គ្រប់ការប្រកួតនៅអន្តរជាតិ ពិសេស គឺ ព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសថៃ ឆ្នាំ២០២៥ និងការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើ​ជាម្ចាស់ផ្ទះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីឱ្យផែនការសម្រេចបានដូចនិងអ្វី​ដែលបាន​ដាក់ចេញនោះ ចាំបាច់មានការរួមគ្នាជាធ្លុងតែមួយ ពីសមាសភាពសំខាន់​ចំនួន៤ រួមមានទី១. គណៈកម្មាធិការប្រតិបត្តិសហព័ន្ធដែលជាក្បាលម៉ាស៊ីន​ដឹកនាំ​ត្រូវមានគោលការណ៍ដឹកនាំច្បាស់លាស់ និងមានតម្លាភាព លើការដឹកនាំអភិវឌ្ឍន៍ ទី២. ថ្នាក់ដឹកនាំតាមបណ្តាក្លិបត្រូវខិតខំរកប្រភពថ្នាលកីឡាបន្ថែមទៀត និងពង្រឹង​សមត្ថភាពទេពកោសល្យឱ្យបានខ្លាំងក្លា ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ​រៀបចំដោយសហព័ន្ធ ដើម្បីក្លាយជាជម្រើសជាតិ ទី៣ គឺទាំងគ្រូជាតិនិងអន្តរជាតិត្រូវ​មានវិធីសាស្រ្តក្នុងការបង្ហាត់សិស្សធ្វើយ៉ាងណាឱ្យមានសមត្ថភាពរីកចំរើនទាំងប្រាជ្ញានិងទិចនិចប្រកួត ទី៤ គឺកីឡាករ-កីឡាការិនីតែម្តង ត្រូវមានការខិតខំប្រឹងប្រែងហ្វឹក​ហាត់ជាប្រចាំទើបអាចឈ្នះមេដាយបានជូនជាតិ។

ឯកឧត្តម ប្រធានសហព័ន្ធ បានជម្រុញលើកទឹកចិត្តឱ្យកីឡាករ បង្កើនការខិតំប្រឹង​ប្រែងហ្វឹកហាត់ គោរពឱ្យបាននូវវិន័យ និងក្រមសីលធម៌ យកចិត្តទុកដាក់​ក្រេប​ជញ្ជក់យកចំណេះដឹង និងបច្ចេកទេស ដែលបង្ហាត់ដោយគ្រូជនជាតិកូរ៉េ​មានបទពិសោធន៍ ធ្លាប់បង្ហាត់កូនសិស្សដណ្តើមបានមេដាយពិភពលោក ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្លាយជាកីឡាករសក្កានុពលប្រជែងដណ្តើមបានមេដាយជូនជាតិពីការប្រកួតអន្តរជាតិនានា ។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំ កីឡាករជម្រើសជាតិកីឡាវាយសីទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ត្រូវយកថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡា ផ្តល់តាមរយៈ​មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ ហូបចុកឱ្យបានសមស្របគ្រប់កាឡូរី ធ្វើឱ្យការហ្វឹកហាត់បានខ្លាំងក្លា ប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកជោគជ័យជូនកម្ពុជា ពីការប្រកួតលើឆាកអន្តរជាតិ។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍បន្ថែម ក្នុងនាមជាកីឡាករ តំណាងជាតិ ត្រូវបាន​ឆន្ទៈនិងការលះបង់ខ្ពស់ ដើម្បីជាតិ នាំយកមុខមាត់​ជាតិទៅលើ​ឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែង​អំណរគុណដល់​ក្រសួង​អប់រំ​យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមជ្ឈមណ្ឌលកីឡាហ្វឹក​ហ្វឺន​កីឡាជាតិ ដែលខិតខំយកចិត្តទុក ព្រមទាំងឧបត្ថម្ភ និងណែនាំតម្រង់ទិស ជួយឱ្យកីឡាករគោរពបាននូវវិន័យ និងក្រមសីលធម៌។ ជាមួយគ្នានេះ ឯកឧត្តម ផ្តាំផ្ញើកីឡាករជម្រើសជាតិកីឡាវាយសីទាំងអស់ ចូលរួមអបអរសាទរ ៥ សីហា ២០២៤ ថ្ងៃប្រវត្តិសាស្ត្រ “ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner