អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ ការពារសន្តិសុខ សុវត្ថិភាព សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀម លក្ខណៈការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលនិងរាត្រីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។

នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំនិងចុះពិនិត្យទីតាំងប្រារព្ធពិធីនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។

អង្គប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” បានលើកឡើងថា សម្រាប់ការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនេះ កម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងកម្លាំងសហការ របស់នាយកដ្ឋានអង្គរ័ក្សបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗដែលបង្កឡើងពីក្រុមជ្រុលនិយម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ, ត្រៀមកម្លាំងនិងរថយន្តសង្គ្រោះពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។

ជាគម្រោងដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រួចនៅទន្លេ ៤មុខចំនួន ២លើក នោះគឺនៅម៉ោង៧ និង២០នាទី ១លើក និងនៅម៉ោង ៩ និង ៩នាទីមួយលើកទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner